ភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងបឹងមួយកន្លែងដោយនៅសល់តែស្បែកដណ្ដប់ឆ្អឹង។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០ នាទីរសៀលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា សាកសពយុវជនម្នាក់នោះគេពុំទាន់ដឹងថាជាករណីអ្វីនៅឡើយទេ គ្រាន់តែឃើញសាកសពអណ្ដែតលើសារាយមានសភាពស្បែកដណ្ដប់ឆ្អឹង ។ ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុ ហើយមួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកត្រួតពិនិត្យសាកសព ។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែសពនោះគឺជាមនុស្សប្រុសមានវ័យចន្លោះពី ២៤ទៅ៣០ឆ្នាំ ហើយចំពោះមូលហេតុនៃការស្លាប់ កម្លាំងសមត្ថកិច្ចមិនអាចអះអាងឬរកមូលហេតុបាននោះទេ ដោយសារសភាពសពគឺនៅសល់តែឆ្អឹងតែប៉ុណ្ណោះ៕
ដោយ ៖ រ៉ារ៉ា