ខ្សែប្រយុទ្ធ Darwin Nunez បានស៊ុតបញ្ចូលទី២គ្រាប់ចុងម៉ោង ដើម្បីជួយឲ្យក្រុម Liverpool ទទួលបានជ័យជម្នះ ទោះបីក្រុមមានគ្នាត្រឹម១០នាក់ទៅលើក្រុម Newcastle United នៅកីឡដ្ឋាន St James’ Park ក្នុងលទ្ធផល២ទល់១កាលពីរាត្រីថ្ងៃទី២៧ សីហា ក្រោយពីសមាជិកក្រុម Liverpool ម្នាក់ទទួលបានកាតក្រហមនៅនាទីទី២៨។
Liverpool ដែលស្រេកឃ្លានជ័យជម្នះនៅដើមរដូវកាលនេះធ្វើបានល្អបំផុតក្នុងជំនួបដ៏រំភើបមួយនេះ ដោយបានវាយបកបន្ទាប់ពីកីឡាករAnthony Gordon រកបាន១គ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី២៥ បន្ទាប់ពីគាត់បានឆក់បាល់ពីការធ្វេសប្រហែសលើកំហុសរបស់ Trent Alexander-Arnold។ បន្ទាប់មកឃើញប្រធានក្រុម Virgil van Dijk ត្រូវបានបណ្តេញចេញនៅតង់ទី១ដដែល ដោយសារកំហុសទៅលើ Alexander Isak នៅនាទីទី២៨។
អ្នកចាំទី Alisson បានសង្គ្រោះបាល់បានល្អឲ្យ Liverpool ពីការស៊ុតរបស់ Miguel Almiron ក្នុងតង់ទី១ផងដែរ ហើយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Nunez ក៏មានឱកាសរកបាន២គ្រាប់នៅតង់ទី២ដ៏គួរឱ្យភ្ញាក់ផ្អើល។ Nunez បានរកគ្រាប់បាល់ទី១នៅនាទីទី៨១ និងគ្រាប់ទី២នៅនាទីទី៩០+៣ ។
ការទទួលជ័យជម្នះរបស់ Liverpool គឺជាជ័យជម្នះមួយសម្រាប់ភាពរឹងមាំរបស់ក្រុមនៅដើមរដូវកាលនេះ ដោយ៣ប្រកួតកន្លងមកគឺឈ្នះ២ ស្មើ១ មាន៧ពិន្ទុ កំពុងឈរលេខ៤បណ្តោះអាសន្ន។ រីឯក្រុមម្ចាស់ផ្ទះ Newcastle ៣ប្រកួតកន្លងមកគឺឈ្នះ១ និងចាញ់២ មានតែ៣ពិន្ទុកំពុងឈរលេខ ១៣បណ្តោះអាសន្ន។
ការប្រកួតបន្ទាប់ក្រុមហង្សក្រហម Liverpool គឺត្រូវប៉ះក្រុមភ្ញៀវ Aston Villa នៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ខណៈដែលក្រុមសារិកាព្រៃ Newcastle ត្រូវប៉ះ Brighton នៅថ្ងៃទី២ ខែកញ្ញា សម្រាប់ការប្រកួត Premier League សប្តាហ៍ទី៤ រដូវកាលថ្មីនេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)