ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សី ដោយប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD ឲ្យ បង្កើតសិប្បកម្មកែច្នៃឬស្សី សម្រាប់នាំចេញ និងកែច្នៃកំទេចឬស្សី ធ្វើជាធ្យូងដុត និងដែលបម្រើឲ្យវិស័យកសិកម្ម។ លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច គម្រោងកែច្នៃឬស្សី របស់ក្រុមហ៊ុន LEOPA BAMBOO នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញនេះ​ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងចូលរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សី នឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាជាសហគមន៍អព្យាក្រឹតកាបូន។ 

ជាមួយគ្នានេះ ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន កាន់តែមានប្រសិទ្ធភាព ថែមទៀត។ លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុនកែច្នៃឬស្សី ដោយម៉ាស៊ីន ដើរដោយថាមពលព្រះអាទិត្យ(Solar Power)

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូង។ ការរៀបចំបង្កើតសិប្បកម្មកែច្នៃឬស្សីនេះទៀតសោត គឺដោយសារក្រុមហ៊ុន LEOPA BAMBOO Co., LTD បានចុះកិច្ចព្រមព្រៀង ស្តីពី កិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់។ ក្រុមហ៊ុន លើកទឹកចិត្តទទួលទិញឬស្សី ពីសហគមន៍ដែលដកហូតឬស្សីព្រៃ ប្រកបដោយនិរន្តរភាព និងចូលរួមដាំដុះឬស្សីថែមទៀត នៅលើដីរបស់សហគមន៍៕

ដោយ​៖ សហការី​


ចែករំលែក៖