ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើប្រព័ន្ធ Telegram ផ្លូវការរម្លឹកពីការធ្វើនយោបាយ “រក្សាចាស់ បង្កើនថ្មី” ។
សម្តេចតេជោ មានប្រសាសន៍ថា ធ្វើនយោបាយ បើសិនត្រឹមតែធ្វើដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ ត្រឹមដោះដូរមនុស្ស គណបក្សនយោបាយមួយនោះនឹងស្លាប់ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុត ! ។
សម្ដេចបានលើកឡើងថា ជោគជ័យរបស់ហ៊ុន សែន ចាប់ផ្ដើមពីមនុស្ស 5 នាក់ ប៉ុន្តែរហូតមកដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់ បង្កើនថ្មី ! នេះហើយជាទម្លាប់របស់ហ៊ុន សែន។ សម្ដេចបន្តថា យើងត្រូវដឹងថា ជោគជ័យដែលយើងទទួលបានកន្លងទៅ មានប្រជាពលរដ្ឋ បានបោះឆ្នោតភ្លូកទឹកភ្លូកដីជូនគណបក្សប្រជាជនក្នុងចំណោម20 គណបក្ស តើវាបានមកដោយសារការខិតខំ ហ៊ុន សែន ម្នាក់ឯង ឬបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលទាំងមូល ? ច្បាស់ណាស់ គេមុខនឹងផ្ដោតសំឡេងភាគច្រើនផ្ដល់សំដៅដល់ហ៊ុន សែនហើយ ! ប៉ុន្តែហ៊ុន សែនម្នាក់ឯងអនុវត្តទៅកើតទេ ? បើបណ្ដារដ្ឋមន្ត្រីនិងស្ថាប័ននានាមិនបានអនុវត្តនោះ។ ទី១ប្រជាជនមិនមែនខ្វះការជ្រើសរើសទេ ឬមួយគាត់មិនទៅចូលរួមបោះឆ្នោតតាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់។
សម្ដេចមានប្រសាសន៍ទៀតថា ទី២គាត់ទៅបោះឆ្នោត តែគាត់គូសគ្រវាត់ចោល ឯទី៣គាត់ទៅបោះឆ្នោត តែគាត់គូសឱ្យគណបក្សដទៃ មិនគូសឱ្យគណបក្សប្រជាជនទៀត។ ប៉ុន្តែហេតុអី្វបានជាគាត់គូសឱ្យគណបក្សប្រជាជន! មានន័យថាអាណត្តិទី 5 ដែលយើងបានធ្វើរួមគ្នានេះ គឺជោគជ័យ វាបានទទួលធំណាស់ សម្រាប់ប្រទេសទាំងមូល ក៏ដូចជាតាមក្រុមគ្រួសារនីមួយៗ ។ សម្ដេចលើកឡើងថា ខ្ញុំមិនភ្ញាក់ផ្អើលទេចំពោះចំនួនអ្នកដែលមិនបោះឆ្នោតឱ្យគណបក្សប្រជាជន ឬក៏ប្រឆាំងផ្កាប់មុខ ជាមួយនឹងគណបក្សប្រជាជន អ្នកទាំងនេះបើទោះបីស្លាប់ទៅ ចាប់ជាតិ តទៅទៀតក៏នៅមិនបោះឆ្នោតឱ្យគណបក្សប្រជាជនដដែលហ្នឹង! ព្រោះបើគណបក្សប្រជាជនមានមនុស្សស្រលាញ់ 100% មិនចាំបាច់មានគណបក្សនយោបាយផ្សេងទេ សូម្បីតែសាសនាព្រះពុទ្ធ ឬសាសនាណាក៏ដោយគ្មានសាសនាណាមួយប្រមូលប្រជាជនបានទាំងអស់ទេ ! សាសនាដែលមានមនុស្សច្រើនជាងគេគឺសាសនាអ៊ិស្លាម បន្ទាប់ទៅសាសនាគ្រឹស្ត បន្ទាប់ទៅហិណ្ឌូ បន្ទាប់ទៅសាសនាព្រះពុទ្ធរបស់យើង ! សម្ដេចបានបញ្ជាក់ថា សាសនាព្រះពុទ្ធរបស់យើងគឺជាសាសនាទី 4 ទេនៅលើពិភពលោក ។ បើនិយាយពីចំនួនអ្នកគោរពសាសនាហិណ្ឌូមានដល់ទៅជាង 1,000 លាននាក់ឯណោះនៅក្នុងប្រទេសឥណ្ឌា ខណៈដែលសាសនាព្រះពុទ្ធមានប្រជាពលរដ្ឋប្រមាណជាជាង៤រយទៅ 5រយលាននាក់ទៅចុះ ។ សាសនានៅលើលោកនេះ ក៏គ្មានសាសនាណាយកប្រជាជនបានទាំងអស់ដែរ ។ ដូច្នេះសម្រាប់គណបក្សប្រជាជន យើងយល់ច្បាស់ណាស់ មិនមានអ្នកណាពេញចិត្តយើងទាំងអស់នោះទេ ពិតជាមានគណបក្សដទៃ គេមានការស្រឡាញ់គណបក្សដទៃ នោះជារឿងរបស់គេ យើងត្រូវគោរពនូវសិទ្ធិរបស់គេ។ សម្ដេចបន្តថា យើងត្រូវមើលឱ្យឃើញ ប្រសិនបើទទួលជោគជ័យហើយ បោះបង់ចោលមន្ត្រីដែលខិតខំប្រយុទ្ធដើម្បីយកឈ្នះនេះ តើហ៊ុន សែនអគុណធម៌ប៉ុនណាទៅ ? សម្ដេចបានបញ្ជាក់ថា ខ្ញុំបានលួចខ្សឹបជាមួយសម្ដេចក្រឡាហោមថា តើមន្ត្រីរបស់យើងបានឆ្លងផុតអាណត្តិទី 6 ប៉ុន្មាននិងមិនផុតប៉ុន្មាន ! ព្រោះបានឃើញបងវ៉ា គឹមហុងទៅមុខ , ទទ្រេតទទ្រោត តើឆ្លងផុតអាណត្តិទី 6 រយៈពេល 5 ឆ្នាំនេះទៀតបានអត់? ព្រោះវារឿងគង់តែស្លាប់ទេ ប៉ុន្តែខ្ញុំសុំបញ្ជាក់ ឧទាហរណ៍ការប្រកួត មួយដែលយកឈ្នះ ទីចុងបំផុតត្រូវបានទាត់ចោល ដល់ទៅអាណត្តិក្រោយ តើហ៊ុន សែននឹងប្រើអ្នកណាទៀត? តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្ត្រឈ្នះសង្គ្រាម ? ខ្ញុំមិនត្រូវការឈ្នះត្រឹមសមរភូមិទេ ខ្ញុំត្រូវការឈ្នះសង្គ្រាមជារៀងរហូត តាមរយៈនៃបញ្ជាការម្នាក់នេះរក្សាកម្លាំងចាស់ និងបង្កើន កម្លាំងថ្មី អ្នកដែលមកនៅជាមួយហ៊ុនសែនហើយ តិចណាស់ដែលបានចាកចេញពីហ៊ុន សែនត្រឡប់ទៅវិញនោះ តិចណាស់ គឺមានតែនៅ ៕
ដោយ ៖ សិលា