ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈដើរទៅបូមទឹកដាក់ស្រែជាមួយឪពុកមាកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចប្រឡាយក្នុងភូមិ ដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ។
នគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះ រ៉ាវី ណាវីន ភេទប្រុស អាយុ ៣ ឆ្នាំ មានឪពុកឈ្មោះ ធារិទ្ទ រ៉ាវី អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ទាក់ សំណាង អាយុ២៧ឆ្នាំ រស់នៅភូមិដងត្រាង ឃុំ ចំណោម ស្រុកមង្គលបុរី ។
នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះ ធារិទ្ទ រ៉ាវិន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាឪពុកមាបង្កើតរបស់ក្មេងរងគ្រោះបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុក្មួយប្រុសរបស់ខ្លួនបានជិះគោយន្តទៅបូមទឹកជាមួយខ្លួននៅឯស្រែ លុះពេលដល់ស្រែខ្លួនក៏រៀបគោយន្តដើម្បីបូមទឹកនិងរាយទុយយោចូលស្រែ។ ក្រោយពេលរាយទុយយោរួចស្រាប់តែរកក្មួយមិនឃើញក៏ដើរកក៏ឃើញស្បែកជើងនៅនឹងមាត់ប្រឡាយ។ ដោយមានការសង្ស័យខ្លាចក្រែងក្មួយធ្លាក់ទឹកក៏ចុះទៅរាវរកក្នុងប្រឡាយមួយសន្ទុះក៏ប្រទះឃើញសពក្មួយក្នុងទឹកប្រឡាយ ហើយបានស្រង់មកដាក់លើគោក។
នគរបាលបានបញ្ជាក់បន្ថែមថា៖ ក្រោយទទួលបានព័ត៌មាននេះខាងនគរបាលស្រុកបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព ដែលជាលទ្ធផល៖ផ្នែកក្បាល ផ្នែកដងខ្លួននិងផ្នែកអវយវៈពុំមានស្លាកស្នាមអ្វីជាអំពើទណ្ឌកម្មឬឃាតកម្មណាមួយឡើយ។ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុយើងឃើញថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន ៕
ដោយ ៖ វណ្ណា