ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្វានៅតំបន់អង្គរ តែងបង្កគ្រោះថ្នាក់ដល់អ្នកទេសចរ និងថ្មប្រាសាទបុរាណ

ចែករំលែក៖

ខេត្តសៀមរាប ៖ មន្ត្រី នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សត្វស្វានៅតំបន់អង្គរ តែងតែបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់។ ខណ:ដែលបច្ចុប្បន្នកន្លែងទេសចរ ដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទ អង្គរវត្ត ច្រកចូលខ្លោងទ្វារ នៃប្រាសាទអង្គរធំ និងជុំវិញបរិវេណ នៃប្រាសាទបាយ័ន។

លោកឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុម ការងារភ្នាក់ងារទេសចរ បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ ៣៩ឆ្នាំ ដែលត្រូវស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង អង្គរវត្ត។ លោកបានបញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួន ដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។ លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះ ហ្វូងសត្វស្វាមួយចំនួនតែងបង្កការរំខាន ដោយ ពេលខ្លះ បានខាំអ្នកទេសចរណ៍ ដែលចូលមកទស្សនាប្រាសាទអង្គរវត្តនៅពេលដែលភ្ញៀវខ្លះ មានកាន់ឥវ៉ាន់ ចំណី ឬក៏ដបទឹកនៅក្នុងដៃ។ 

គ្រោះថ្នាក់មួយទៀតគឺនៅពេលដែលភ្ញៀវទេសចរឃើញសត្វស្វាហើយដើរទៅក្បែរ ដើម្បីថតរូប ឬក៏ប្រឡែងលេង ក៏ធ្វើឱ្យស្វាកាចហើយក៏អាចខាំដែរ។ បន្ថែមលើនេះសត្វស្វានៅតំបន់អង្គរវត្ត ក៏តែងតែធ្វើឱ្យខូចខាតដល់បរិក្ខាមួយចំនួនដូចជាស្លាកសញ្ញា និងផ្ទាំងព័ត៌មានផ្សេង នៅតាមបរិវេណអង្គរវត្ត នៅពេលដែលវាលោតឡើងទៅលើប្រាសាទធ្វើឱ្យរហែកឬក៏រលំដួលជាដើម ជាពិសេសវាធ្លាក់ថ្មប្រាសាទដែលពុកផុយផងដែរ។

លោក ឡេក គឹមលីន បានបន្ដថា បច្ចុប្បន្ននេះ សត្វស្វានៅតំបន់អង្គរ កំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយស្វាទាំងនោះមានពីរប្រភេទ មានពពួកស្វាក្ដាម និងស្វា ត្រោស ឬហៅថាស្វាប៉ាហ៊ី ដែលអ្នកភូមិយកទៅលែងនៅតំបន់អង្គរ។ លោកបន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ សត្វស្វាដែលខាំមនុស្សមានចំនួន ២០ករណីហើយ។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរាប្រចាំការនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ បានសំណូមពរ ដល់ភ្ញៀវទេសចរទាំងឡាយ  ដែលមកទស្សនាប្រាសាទបុរាណ នៅពេលឃើញសត្វស្វាគឺសូមកុំឱ្យចំណីវាពីព្រោះ ការឱ្យចំណីគឺនឹងធ្វើឱ្យវាមានទម្លាប់ មិនចូលទៅព្រៃរកចំណីស៊ីដោយ ខ្លួនឯងទេ។ ម្យ៉ាងទៀត សូមកុំប្រឡែងលេងជាមួយវា ជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើង៕

ដោយ៖ សូរិយា


ចែករំលែក៖