ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មម៉ាបងងុយដេករេចង្កូតបុកបង្កាន់ដៃស្ពានជ្រុលធ្លាក់ចូលទឹកអូររងរបួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តដឹកថ្មម៉ាបមួយគ្រឿងក្រោយពីទម្លាក់រួចត្រឡប់ទៅដឹកទៀត តៃកុងងងុយដេកក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានជ្រុលធ្លាក់ទឹកអូរបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

    ហេតុការណ៍រថយន្តបើកធ្លាក់ចូលទឹកអូរនេះបានកើតឡើងនៅវេលា ម៉ោង០៣ៈ៣០នាទីទៀបភ្លឺថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពាន សម្បទានតាកុត ក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ចន្លោះគីឡូម៉ែត្រលេខ៣៥៧-៣៥៨បង្កដោយខ្លួនឯង។

    រថយន្តនោះម៉ាកស្តេនញ៉ា(SCANIA) ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-9091 បើកបរពីត្បូងទៅជើងក្នុងស្ថានភាពដែលអ្នកបើកបរងងុយដេក ទើបបណ្តាលឱ្យធ្លាក់ផ្លូវ ធ្វើឱ្យមនុស្ស៤នាក់ក្នុងរថយន្តរងរបួសធ្ងន់និង ស្រាល ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

រីឯរថយន្តរងការខូចខាតយ៉ាងដំណំនិងខូចបង្កាន់ដៃស្ពានប្រវែង២០ម៉ែត្រផងដែរ។

    ក្រោយកើតហេតុរថយន្តត្រូវកម្លាំងចរាចរណ៍ស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖