ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី ដោយមានវត្តមានចូលរួមរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ផងដែរ។
ក្នុងឱកាសនេះ លោកប្រធាន បានធ្វើកិច្ចស្វាគមន៍ បង្ហាញអំពីសមិទ្ធផលថ្មីរបស់គណៈមេធាវី និងណែនាំដល់សហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាព ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ជាចុងក្រោយ លោកប្រធាន សូមជូនពរសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សហការី