សារព័ត៌មាន AFP បានផ្សាយថា អតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សិង្ហបុរី កាលពីថ្ងៃសុក្រទី១ ខែកញ្ញា ដែលជាការបោះឆ្នោតមានលក្ខណៈប្រកួតប្រជែងលើកដំបូងបំផុតមួយសម្រាប់តំណែងជាប្រមុខរដ្ឋ មិនសូវមានអំណាចមួយនេះ ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។
បើតាមលទ្ធផលបោះឆ្នោត លោក សានមូហ្ការ៉ាត់ណាំ មានវ័យ៦៦ឆ្នាំ បានយកឈ្នះលើគូប្រជែងរបស់លោក ២រូបផ្សេងទៀត គឺលោក អិន កុកសុង (Ng Kok Song) និងលោកតាន់ គីនលៀន (Tan Kin Lian) ដោយទទួលបានសំឡេងគាំទ្រ ៧០.៤ភាគរយនៃសន្លឹកឆ្នោតសរុប។ «ខ្ញុំសូមប្រកាសថា លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ គឺជាបេក្ខជនដែលជាប់ឆ្នោតជាប្រធានាធិបតីរបស់សិង្ហបុរី»។ នេះជាការបញ្ជាក់របស់មន្ត្រីនៃនាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី។
លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ នឹងត្រូវឡើងកាន់តំណែងបន្តពីប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ាស់ យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតីដោយស្វ័យប្រវត្តិកាលពីឆ្នាំ២០១៧ ដោយសារលោកស្រីគឺជាបេក្ខជនតែម្នាក់គត់ដែលត្រូវបានតែងតាំងឱ្យឈរឈ្មោះនាពេលនោះ។ អាណត្តិប្រធានាធិបតីសិង្ហបុរីមានរយៈពេល៦ឆ្នាំ ខណៈដែលលោកស្រីហាលីម៉ាស់បានសម្រេចចិត្តមិនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី។
ថ្វីដ្បិតមានប្រធានាធិបតីក៏ដោយ ក៏រដ្ឋាភិបាលប្រទេសសិង្ហបុរីស្ថិតនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នគឺលោក លី សៀនឡុង នៃគណបក្ស PAP ដែលជាបក្សដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងតែពីឆ្នាំ១៩៥៩ រហូតមក។
សម្រាប់ការបោះឆ្នោតវិញ គឺវាជាកាតព្វកិច្ចសម្រាប់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង២.៧លាននាក់នៅសិង្ហបុរី។ បុគ្គលដែល មិនបានបោះឆ្នោត ដោយមិនមានហេតុផលសមរម្យ គឺប្រឈមនឹងហានិភ័យត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត៕ ដោយ៖ ធីរីណា
រូបថត៖ Reuters