ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​កសិកម្ម​៖​ ដំណឹងដ៏រីករាយ! ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រសួង​មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនអំពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ។

កូនផ្សោតកើតថ្មីនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។  

កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖