ភ្នំពេញ៖ អ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook លោក លន់ បូរី នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន នៅផ្ទះលេខ៤១ ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
ការឃាត់ខ្លួនលោក លន់ បូរី បានធ្វេីឡេីងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លន់ បូរី ទៅមណ្ឌលអប់រំកែប្រែទី១។
ដោយអនុវត្តតាមដីកាបង្គាប់ មានដូចខាងក្រោម៖
១-ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លន់ បូរី ភេទ ប្រុស កើតថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៨២ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
៣-ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ។
ដោយឡែកពាក់ព័ន្ធករណីនេះ E-School Cambodia បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល លន់ បូរី គឺមិនជាប់ទាក់ទងនឹងសាលានោះទេ៕
ដោយ៖សហការី