ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីលោក ខៀវ កាញារីទ្ធ បង្ហោះករណីជនពិការភាព នៅស្រុក ស្រីសន្ធរ អភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីលោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ករណីជនពិការភាព នៅស្រុក ស្រីសន្ធរ គ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរធរ ឃុំ ស្រុក តាមសំណើររបស់ក្រុមការងារអោយជួយផ្សព្វផ្សាយ ឥឡូវអភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ហើយត្រូវ បានលោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បង្ហោះទាំងស្រុងដូចខាងក្រោម :

នាងខ្ញុំ សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម សូមគោរពរាយការណ៍ ជូនឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាទីគោរពដ៏ខ្ពង់ខ្ពស់!

បន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះរបស់ឯកឧត្តម ទាក់ទងទៅនឹងលោក ស៊ិន សែ ជា ជនមានពិការភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ ដែលមានដូចរបាយការណ៍ខាងក្រោម៖

នាព្រឹក​ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣​ តប​ឯឧត្តមអភិបាលនៃគណៈអភិបាលសខេត្ត កំពង់ចាម ក្រោយពីបានទទួលព័ត៌មានពីaccount facebook ឯកឧត្ដម​  ខៀវ​ កាញារីទ្ធ​ ខ្ញុំបាទ ស៊ីម គង់​ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានចាត់លោក​ ស៊ន់​ ផល្លា​  និងរដ្ឋបាលឃុំ​ផ្ទះកណ្តាល​ ជាក្រុមការងារ ចុះដល់ផ្ទះ​ លោក​ ស៊ិន សែ (ជនពិការភាព)ភេទ​ ប្រុសអាយុ៥០ឆ្នាំ ភូមិផ្ទះកណ្តាលក្រោម ផ្ទះកណ្ដាល ស្រីសន្ធរ កំពង់ចាម​ ដោយទទួលបានព៍ត័មានដូចខាងក្រោម៖

-លោក​ ស៊ិន សែ ជាជនពិការភាព​

មានបងប្អូន៥នាក់​ ស្រី៤នាក់(ស្រីទាំងបួននាក់ នៅលីវ២នាក់) តែចាស់ជរា។

បច្ចុប្បន្នបងស្រីរបស់លោក ស៊ិន សែបានយក លោក ស៊ិន សែ ទៅព្យាបាលជម្ងឺនៅភ្នំពេញរយៈពេល១ខែជាងហេីយ​ ។

លោក ស៊ិន សែ បានសំភាសន៍ពិការភាពរួចហើយ រង់ចាំបណ្ណ័ពីក្រសួង។

រដ្ឋបាលឃុំផ្ទះកណ្តាល បានត្រៀមរៀបចំធ្វើបណ្ណ័ មូលនិធិសុខាភិបាលជូនគាត់មួយទៀត តាមរយៈខ្ញុំបាទ ប៉ុន្តែ​គាត់មិនទាន់ត្រឡប់មកពីភ្នំពេញ ដូចនេះពុំទាន់បានឯកសារភ្ជាប់​ ដេីម្បីរៀបចំ។

ក្នុងនោះដែរ តបតាមប្រសាសន៍ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត នឹងពិនិត្យមើលលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនដល់លោក ស៊ិន សែ បន្ថែមទៀត។

សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើ សូមឯឧ មេត្តាទទួលជ្រាប ដោយសេចក្ដីគោរព៕

ដោយ : សហការី


ចែករំលែក៖