ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនក្មេងទំនេីង​៥នាក់​ដែលបង្កហិង្សា​និងអសន្តិសុខដល់សង្គម​ ទៅសាលាដំបូងខេត្ត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានបញ្ជូនក្រុមក្មេងទំនើងចំនួន៥នាក់ទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី០២​ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​ដើម្បីចាត់ការតាមផ្លូវច្បាប់។

    សមត្ថកិច្ចប្រាប់ថាៈ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ក្រោយពីមានសកម្មភាពក្មេងទំនេីងបង្កហិង្សា​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​បានដឹកនាំកងកម្លាំង​ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនេីង​បានជាបន្តបន្ទាប់ចំនួន៥នាក់​ ក្នុងចំណោមបក្ខពួកជាច្រេីននាក់​ កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ 

    លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឱ្យដឹងថា​ ក្មេងទំនេីងទាំង៥នាក់​មាន ១.ឈ្មោះ​ វណ្ណ វិសាល (ហៅយ៉ា)​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​។ ៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៥.ឈ្មោះ ធូ សំណាង ហៅដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ 

     លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម មានគ្នាប្រហែល១២នាក់ បានធ្វើសកម្មភាពដេញវៃ និងយកដុំថ្ម មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមកបង្កភាពអនាធិបតេយ្យ​និងអសន្តិសុខនៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន​ និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកបានដឹកនាំកម្លាំងមូលដ្ឋានចុះប្រតិបត្តិការនិងធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ​ និងចាត់ការតាមនីតិវិធី​។ ក្នុងចំណោមក្មេងទំនេីងទាំង៥នាក់​ កម្លាំងកងរាជអាវុធហត្ថបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញមានចំនួន០៤នាក់ផងដែរ។ 

     ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ក្មេងទំនេីងទាំង០៥នាក់​ខាងលើបានឆ្លើយបដិសេធថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នោះទេ​ គឺក្រុមOMB អូរអំបិល​ជាអ្នកបង្កហិង្សា តែក្មេងទំនេីងខាងលើបានទទួលស្គាល់ថា​ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន)​ រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ​ សម្តេចឪ​ ពិតជាមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្កបញ្ហា​ ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក។ 

    លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្នជនក្មេងទំនេីង​ទាំង៥នាក់​នោះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ ៖ វណ្ណា


ចែករំលែក៖