ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពស់ខ្ពស់បំផុត!
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងបំផុត និងសូមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្តគោរពជូន សម្តេចនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា សម្តេចមហាបវរធិបតី ។
គោរមងារដ៏ឧដុង្គឧត្តមនេះ គឺជាសក្ខីភាពឥតប្រកែកបានតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា ដែលបាន លះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងនាមជាអគ្គមគ្គុទេសក៍ឆ្នើម និងប៉ិនប្រសប់ ដើម្បីបន្តថែរក្សានូវ សុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងបន្តការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេស ភាពស្វាមីភក្តិចំពោះ រាជបល្ល័ង្ក ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតា រក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនៈត្រ័យកែវទាំងបី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ : សុខ ខេមរា