ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ជាទីគោរពដ៏ខ្ពស់ខ្ពស់!

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើង ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្តគោរពជូន សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា សម្តេចមហារដ្ឋសភាធិការធិបតី ។

គោរមងារដ៏ខ្ពង់ខ្ពស់បំផុតនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រចក្សនូវការទទួលស្គាល់លើភាពជាអ្នកដឹកនាំដ៏ ឆ្នើម និងប៉ិនប្រសព្វរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ក្នុងការចូលរួមបន្ត ថែរក្សានូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងបន្តដឹកនាំកសាងពូនជ្រលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា : ជាពិសេស ភាពស្វាមីភក្តិចំពោះរាជបល្ល័ង្ក ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់ បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា រក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនៈត្រ័យកែវទាំងបី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

សូម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណា- ចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖