ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមធ្វើបច្ចុប្បន្នភាព អំពីករណីលោក ស៊ិន សែ ជាជនមានពិការភាព (ឧស្សាហ៍ប្រកាច់) តាំងពីកុមារភាព អាយុ៥០ឆ្នាំ រស់នៅភូមិ ផ្ទះកណ្តាលក្រោម ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជូនសាធារណៈជននិងអង្គភាពសារព័ត៌មាន ទាំងអស់ជ្រាបថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម បានសហការជាមួយមន្ត្រីមន្ទីរផែនការខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំផ្ទះកណ្ដាល បានចុះទៅសម្របសម្រួលក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឡើងវិញ ជូនគ្រួសារលោក ស៊ិន ស។ ជាលទ្ធផលគ្រួសាររបស់លោក ស៊ិន សែ បានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២ ហើយរដ្ឋបាលឃុំផ្ទះកណ្តាលនឹង ប្រគល់បណ្ណសមធម៌របស់ក្រសួងផែនការជូន ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
ជាមួយគ្នានោះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមក៏បានជួយឧបត្ថមថវិកា ជូនគ្រួសាររបស់លោក ស៊ិន ស សម្រាប់សោហ៊ុយធ្វើដំណើរទៅមក និងហូបចុកនូវថវិកា ៣០០,០០០ រៀល។ អាស្រ័យហេតុនេះ សូមសាធារណៈជននិងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា