ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ «ស្របតាមការណ៍ពិតក្នុងសតវត្សរ៍ទី២១»

ចែករំលែក៖

នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយថា វិធីសាស្រ្តពីពាក់កណ្តាលសតវត្សទី 20 មិនអាចត្រូវគ្នាជាមួយនឹងការណ៍ពិតរបស់ពិភពលោកក្នុងសតវត្សទី 21 ហើយអង្គការអន្តរជាតិចាំបាច់ត្រូវពិចារណាឡើងវិញនូវអាទិភាពប្រតិបត្តិការរបស់ពួកគេ។
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យអង្គការសហប្រជាជាតិធ្វើកំណែទម្រង់ស្របតាមការណ៍ពិតនៃសតវត្សទី 21 ដើម្បីធានាឱ្យមានតំណាងនៃប្រទេសទាំងអស់។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Press Trust of India ដែលបានចេញផ្សាយនៅថ្ងៃទី 3 ខែកញ្ញា នាយករដ្ឋមន្ត្រី Modi បានបញ្ជាក់យ៉ាងច្បាស់ថា វិធីសាស្រ្តពីពាក់កណ្តាលសតវត្សទី 20 មិនអាចត្រូវគ្នាជាមួយនឹងការណ៍ពិតពិភពលោកក្នុងសតវត្សទី 21 នោះទេ។
យោងតាមលោក អង្គការអន្តរជាតិចាំបាច់ត្រូវទទួលស្គាល់ការផ្លាស់ប្តូរពិតប្រាកដ និងពិចារណាឡើងវិញអំពីអាទិភាពប្រតិបត្តិការរបស់ពួកគេ។ មេដឹកនាំនៃប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យមានតំណាងនៃប្រទេស។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះក្នុងនាមជាប្រធានក្រុមនៃបណ្តាប្រទេសអភិវឌ្ឍន៍និងមានសេដ្ឋកិច្ចឈានមុខគេក្នុងពិភពលោក (G20) ឥណ្ឌាបានសាបព្រោះគ្រាប់ពូជនៃទំនុកចិត្តនៅក្នុងប្រទេសពិភពលោកទីបី។
ឥឡូវនេះ ឥណ្ឌាប្រាថ្នាចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសនេះកំពុងស្វែងរកការលើកកម្ពស់ទម្រង់របស់ខ្លួន និងឈានទៅមុខគោលដៅជាច្រើនរបស់ខ្លួន រួមទាំងការលុបបំបាត់បំណុលដែលមិនមាននិរន្តរភាព។
នាយករដ្ឋមន្ត្រី Modi ត្រូវបានគេរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍ក្រោយ។
នៅក្នុងបទសម្ភាសន៍ លោកក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់លោកចំពោះសេចក្តីប្រាថ្នារបស់សហភាពអាហ្វ្រិក (AU) ដើម្បីក្លាយជាសមាជិកពេញលេញនៃ G20 ។
នាយករដ្ឋមន្ត្រី Modi ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអុីនធឺណេត។
លោកបានសង្កត់ធ្ងន់ថា ភេរវករប្រើប្រាស់អុីនធឺណេត មេតាវេស និងគ្រីបតូ ដើម្បីអនុវត្តផែនការទុច្ចរិតដែលអាចប៉ះពាល់ដល់ក្រណាត់សង្គមនៃប្រទេសនានា។
ដូចដែលបានគ្រោងទុក កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 9-10 ខែកញ្ញា ដោយមានការចូលរួមពីមេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz និងព្រះអង្គម្ចាស់ Saudi Crown Mohammed bin Salman ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖