ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដល់ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព

ចែករំលែក៖

ប្រទេសឥណ្ឌូនេសុី ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពដែលត្រូវបានទទួលស្វាគមន៍ដោយ លោក H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ ប្រព្រឹត្ត ទៅ នៅរដ្ឋធានីហ្សា ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម ដំណើរ សម្តេច នាយករដ្ឋមន្ត្រី រួមមានឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី សំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង ក្រោម មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត លើការជំរុញ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់ សម្រាប់ការ ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល ប្រយោជន៍ សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ សហគមន៍អាស៊ានប្រកប ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី សម្រេច បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា លើ ទស្សន វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែល ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នឹងចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច នា យ ក រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក សំខាន់ៗ មួយចំនួនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖