ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងមានជម្លោះពាក្យសម្តីជាមួយគ្នាក្នុងវង់ផឹកស៊ី។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភូមិសំរោង ឃុំក្រួស ស្រុកស្វាយជ្រំ។

    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ មុន សៅលិញ   អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុច វន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

    តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយរីករាយ រហូតដល់វេលាកើតហេតុដោយស្រវឹងរៀងៗខ្លួនស្រាប់តែមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងស្រាប់តែជនសង្ស័យទាញបានដំបងឫស្សីវាយទៅលើជនរងគ្រោះត្រូវចំក្បាលនិង ដងខ្លួនជាច្រើនដំបងបណ្តាលអោយមានរបួសបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយមកជនសង្ស័យបន្ទាប់ពីប្រើហិង្សារួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ៕

ដោយ៖ សុថាន


ចែករំលែក៖