ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត​ ជំរុញឱ្យមានការឯកភាពផ្ទៃក្នុងរឹងមាំ បំពេញតួនាទីស្របតាមជំនាញ និងគោរពតាមឋានានុក្រម

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ ​ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាព​ការងារ, ការទទួលខុសត្រូវតាមមុខងារតួនាទី ភារកិច្ច និងតាមឋានុក្រមរបស់ខ្លួន។​ ការថ្លែងបែបនេះ​ របស់​លោក​នាយឧត្តមសេនីយ៍​ ស​ ថេត​ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 

អគ្គស្នងការនគរបាលជាតិ​រូបនេះ​ បានគូសបញ្ជាក់ថា​ ក្នុងនាមនគរបាលត្រូវបន្តរួមគ្នាជាធ្លុងមួយ ​មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។

ក្នុងនោះលោកក៏សំណូមពរដល់មន្រ្តីនគរបាលទាំងអស់ ផ្ដល់ការគាំទ្រ និងសហការ​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ ​និងរវាងអង្គភាព​ និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។ ជាមួយនេះបន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយ​ធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាព​របស់កងកម្លាំងនគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។

ជាមួយគ្នានេះ​ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឱ្យបន្តពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវ​សេចក្តីថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ​ដើរទន្ទឹមនឹងការខិតខំពង្រឹង​សមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ​ជាមួយនឹងការពង្រឹងប្រសិទ្ធភាព និង​របៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើក​ទឹកចិត្ត​កងកម្លាំង​នគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ពិន័យកងកម្លាំងនគរបាលដែល​ប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវ មានតម្លាភាព។

បន្ថែមពីនេះ​ លោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឱ្យមន្ដ្រី​ទាំងអស់ ​ត្រូវរួមគ្នាការពារថែរក្សានូវសមិទ្ធផលដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេច​បានយ៉ាង​លំបាកលំបិន ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ហើយនឹងបន្តរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស​នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​ពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពការងារ និងខិតខំអនុវត្តការងារនានាក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់អគ្គស្នងការដ្ឋាន និងការដឹកនាំ​របស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។​ ទន្ទឹមនេះ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាល​កើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖