ភ្នំពេញ ៖ ស្ត្រីមេតុងទីនអនឡាញ ហាយសូរម្នាក់ទៀតហើយ ត្រូវបានអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចុះអនុវត្តសាលក្រមដកហូតរថយន្តទំនើបមួយគ្រឿង លក់ឡាយឡុង ក្រោយរងពាក្យបណ្ដឹងរបស់កូនតុងទីន ដែលបានគេចខ្លួនជាច្រើនឆ្នាំ ។
ស្ត្រីមេតុងទីនអនឡាញ ហាយសូរម្នាក់ទៀតហើយ ដែលត្រូវបានគេស្គាល់ឈ្មោះ ជា នីតា មានអាសយដ្ឋានរស់នៅ ផ្ទះលេខ35B ផ្លូវលេខ488 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ត្រូវបាន អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចុះអនុវត្តសាលក្រមដកហូតរថយន្តទំនើបមួយ គ្រឿង លក់ឡាយឡុង ក្រោយរងពាក្យបណ្តឹងរបស់កូនតុងទីន ។ ការអនុវត្តដកហូត រថយន្តទំនើបមួយ គ្រឿងម៉ាក KAI CANIVAL ពណ៌ស មានស្លាកលេខកម្ពុជា ELLA 789 ដើម្បីលក់ឡាយឡុងតាមផ្លូវ គុណការសម្រាប់ទូទាត់កាតព្វកិច្ចទៅអោយម្ចាស់បំណុលនៃការអនុវត្តត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគេហដ្ឋានមេតុងទីន ជា នីតា ។
យោងតាមសាលក្រមរដ្ឋប្បវណី លេខ:៤២៧ *គ១- ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ របស់ សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា អង្គហេតុ និងចំណុចវិវាទ ក)-ខ្លឹមសារនៃសាលក្រម ដែលដើមចោទទាមទារឲ្យតុលាការចេញ៖ ១-ប្ដឹងសុំទាមទារប្រាក់ចំនួន ៩,៩០០$។ ២-ប្ដឹងសុំបង្គាប់ឱ្យ ចុងចម្លើយសងសំណងខូចខាត និងសេវាមេធាវីចំនួន ៥,០០០$។ ៣-ប្ដឹងសុំឲ្យតុលាការប្រកាសអនុវត្ត ជាបណ្តោះអាសន្ននូវសាលក្រមត្រង់ចំណុច ទី១. និងទី២។ ៤-បង្គាប់ឱ្យចុងចម្លើយទទួលបន្ទុកប្រាក់ ប្រដាប់ក្តី។ ខ)-ការពន្យល់ត្រួសៗអំពីរឿងក្តី ៖ តាមពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ របស់ ដើមចោទ បានបញ្ជាក់ថា ឈ្មោះ ជា នីតា ជាមេតុងទីនរបស់ខ្លួន។ ខ្លួនចាប់ផ្តើមលេងតុងទីននៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដោយមួយខែដេញចំនួន ២ដង ហើយនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ ឈ.ម.ន បានដេញតុងទីនបានចំនួន ៩,៩០០$ ។ ប៉ុន្តែឈ្មោះ ជា នីតា មិនព្រមប្រគល់ប្រាក់ឲ្យគ្រប់ ចំនួននោះទេ រហូតដល់បច្ចុប្បន្ន។ បើតាមសាលក្រមបានបញ្ជាក់អោយដឹងទៀតថា សំអាងហេតុ ផ្អែក តាមលទ្ឋផល នៃការពិនិត្យលើកាអះអាងរបស់គូភាគី និងពិនិត្យភស្តុតាង នាពេលទាញហេតុផល ដោយផ្ទាល់មាត់ តុលាការយល់ឃើញថា : ១-តាមឯកសារលេងតុងទីនក្បាល ៣០០$ តុលាការពិនិត្យ ឃើញថា ភាគីដើមចោទ និងភាគីចុងចម្លើយ ពិត ជាបានព្រមព្រៀងគ្នាលេងតុងទីនជាមួយគ្នាពិតមែន។ ដើមចោទទាមទារប្រាក់ចំនួន ៩,៩០០$ ព្រោះថា ខ្លួនបានដេញ តុងទីនក្បាល ៣០០$ ទាំងពីរក្បាល បានប្រាក់ ៩,៩០០$ តែចុងចម្លើយឈ្មោះ ជា នីតា ដែលជាមេតុងទីន មិនបាន ប្រគល់ប្រាក់ឲ្យខ្លួនគ្រប់ចំនួនទេ គឺពន្យារពេលនិងដោះសាររហូត។ ដោយមានការយឺតយ៉ាវ ទើបខ្លួនប្តឹងទាមទារប្រាក់ចំនួន ៩,៩០០$នេះ ២-តាមការពិនិត្យភស្តុតាង និងការអះអាងរបស់ភាគីដើមចោទ និងភាគីចុងចម្លើយ តុលាការពិនិត្យឃើញ ថាៈ ចុងចម្លើយឈ្មោះ ជា នីតា ពិតជាមិនបានប្រគល់ប្រាក់ ៩,៩០០$ ឲ្យទៅភាគី ដើមចោទ ពិតមែន។ ប៉ុន្តែភាគី ចុងចម្លើយ បានអះអាងថា ខ្លួនមិនបានបង់ប្រាក់ចំនួន ៩,៩០០$ ព្រោះ ដើមចោទ នៅខ្វះប្រាក់ដែលមិនទាន់បានបង់ឲ្យមេ តុងទីន បន្ទាប់ពីដេញតុងទីនរបស់ខ្លួនងាប់អស់ ទើប មេតុងទីនកាត់ប្រាក់ដេញបានចំនួន ៩,៩០០$ នៅសល់ ៤,៦៣០$ ។ហើយភាគីដើមចោទ ក៏ធ្លាប់បាន អះអាងថា បើចុងចម្លើយសងខ្លួនចំនួន ៤,៦៣០$ ខ្លួនសុខចិត្តយក និងដកពាក្យបណ្ដឹងលើរឿងនេះ ដោយមិនចង់វែងឆ្ងាយ នៅពេលដែលដើមបណ្តឹងព្រមទទួលយកប្រាក់ ៤,៦៣០$ បែរជាឈ្មោះ ជា នីតា មិនព្រមប្រគល់អោយនោះទេ ហើយថែមទាំងគេចខ្លួនមកដល់ថ្ងៃនេះ ។ ដូចនេះតុលាការ គប្បីសម្រេច តាមភាពជាក់ស្ដែង និងតាមការទទួលស្គាល់របស់ភាគីចុងចម្លើយ ។ ៣-ដើមចោទទាមទារសុំប្រកាស សាលក្រមអនុវត្តជាបណ្ដោះអាសន្នត្រង់ចំណុចទី ១ និងទី២ តុលាការ សម្រេចទទួលស្គាល់តែលើប្រាក់ ចំនួន ៤,៦៣០$ ដូចនេះការសុំអនុវត្តឲ្យប្រកាសអនុវត្តជាបណ្តោះអាសន្ន គប្បី តុលាការសម្រេច អនុញ្ញាតតែលើចំណុចទី១ប្រាក់ចំនួន ៤,៦៣០$ ប៉ុណ្ណោះ តាមមាត្រា ១៩៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ដោយឡែកការទាមទារចំណុចទី២ ត្រូវច្រានចោល ។
៤-ភាគីចុងចម្លើយ និងអ្នកតំណាងដោយអាណត្តិ ឲ្យភាគីចុងចម្លើយ មិនបានចូលរួមក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ បានធ្វើវិវាទតបជាមួយ ភាគីដើមចោទ . នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល របស់តុលាការរួចហើយ ដូចនេះគប្បី តុលាការសម្រេចចេញសាលក្រមចំពោះមុខចុងចម្លើយ តាមមាត្រា ២០១ ចំណុចទី២ កថាខណ្ឌទី២ នៃ ក្រមនីតិវិធីរដ្ឋប្បវេណី។ ៦-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ។
យោងតាមសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញ បានសេចក្ដីសម្រេចបញ្ចប់ ១)-បង្គាប់ឲ្យឈ្មោះ ជា នីតា ភេទស្រី សងប្រាក់មកឲ្យឈ្មោះ ឈ.ម.ន ភេទស្រី អាយុ៣២ឆ្នាំ នូវប្រាក់ ចំនួន ៤,៦៣០$ (បួន ពាន់ ប្រាំមួយរយសាមសិបដុល្លាអាមេរិក)។ ២)-ច្រានចោលការទាមទារត្រង់ចំណុចទី២ ក្នុងពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២១ របស់ឈ្មោះ ជា នីតា ។ ៣)-សាលក្រមនេះ អាចអនុវត្តជាបណ្តោះអាសន្នត្រង់ចំណុចទី១ នៃសេចក្តីសម្រេចនេះ។ ៤)-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ ចុងចម្លើយ។ សាលក្រមនេះ បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ និងប្រកាសជាសាធារណៈ នាថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៣ ចំពោះមុខដើមចោទ និងចំពោះមុខចុងចម្លើយ ទុកសិទ្ធិប្តឹងឧទ្ធរណ៍ ក្នុងកំណត់ច្បាប់។
ក្រោយពីសមត្ថកិច្ច រួមនិងអាជ្ញាសាលា បានចុះអនុវត្តសាលក្រម នៅគេហដ្ឋានរបស់មេតុងទីន អនឡាយ ឈ្មោះ ជា នីតា នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ភាគី ជា នីតា មិនព្រមអោយសមត្ថកិច្ចធ្វើការដកហូតនូវរថយន្តរបស់ខ្លួននោះទេដោយមានការប្រកែកតវ៉ាជាមួយមេធាវីតំណាងអោយអាណត្តដើមបណ្តឹងជាច្រើនម៉ោង និងបានពន្យល់ផ្លូវច្បាប់ជាច្រើនទៅមេទីនអនឡាយរូបនេះ ទើប មេតុងទីនរូបនេះសម្រេចចិត្តខ្ចីលុយគេឯងអោយកូនតុងទីន ចំនួនជាង៤ពាន់ដុល្លាអាមេរិក ទៅកាន់ ដើមបណ្តឹងវិញ ដើម្បីបញ្ចប់រឿង។
បើតាមការសង្កេតឃើញកន្លងមក ទាក់ទងទៅនិងការលេងតុងទីនតាមអនឡាញ និងយោង តាមការផ្សាយជាច្រើននៅក្នុងបណ្តាញសង្គមនានា ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការលេង តុងទីនអនឡាញ គឺពិតជាមានហានិភ័យខ្ពស់ណាស់ ព្រោះថាមេតុងទីនអនឡាញមួយចំនួន តែងតែ បង្ហាញនូវចំណាប់អារម្មណ៍តាមរយៈការបង្ហាញនូវទ្រព្យសម្បត្តិ ឡានទំនើប ផ្ទះវីឡាជាច្រើនកន្លែង ភាពហ៊ឺហារ ហាយសូររបស់ខ្លួនបង្ហាញទៅកាន់មហាជន ដើម្បីទាមទារនូវការផ្ដល់ទំនុកចិត្ត តែដល់ ពេលចាប់ផ្តើមលេង គឺតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយ ដូច្នេះមុនចាប់ផ្ដើមលេងបងប្អូន គប្បី គិតពិចារណាអោយច្បាស់លាស់ មុននិងសម្រេចចិត្តដាក់ប្រាក់ចូលលេង ។
សូមបញ្ជាក់បន្ថែមថា៖ មេតុងទីនអនឡាយហាយសូររូបនេះ នៅពេលដែលកូនតុងទីនដេញបានគឺមេតុងទីនរូបនេះមិនព្រមអោយប្រាក់គ្រប់ចំនួននោះទេ ថែមទាំងញុះញង់ឲ្យគេទៅប្តឹងទាមទារប្រាក់នោះទៅ! ហើយថែមទាំងគំរាមគេឯងបើអ្នកហ៊ានជេរអញតាមបណ្ដាញសង្គម រឿងលុយតុងទីនអញនឹងប្ដឹងពួកឯងវិញដាក់គុកអោយអស់ អញសូមប្រាប់ជាដំណឹង ៕
ដោយ ៖ រ៉ារ៉ា