ភ្នំពេញ ៖ កុមារាអាយុ ៨ឆ្នាំមួយរូប រងការធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ ប្រពន្ធក្រោយលោកអធិការរង នគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយយកដង្កាប់កៀបម្រាមដៃ អោយមានដំបៅ ស្លាកស្នាមជាំ ជាច្រើនម្រាម បង្ហាញពីភាព ឃោរឃៅ សាហាវ យង់ឃ្នងបំផុត រំលោភបំពានមកលើកុមារ ហើយគម្រាម មិនអោយប្រាប់ឪពុក និងម្តាយដើម រហូតដល់ម្តាយបង្កើតទទួលបានដំណឹងនេះ ពីកូនរៀបរាប់ប្រាប់ ក៏តក់ស្លុត អាណិតកូនខ្លោចចិត្ត មិនគួរ អតីតស្វាមី បណ្តោយអោយប្រពន្ធក្រោយ ប្រើហិង្សាបែបនេះ មកលើកូន ។ នេះបើយោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម facebook TikTok ព្រោងព្រាត ។
សូមបញ្ជាក់ថា : បើរឿងនេះប្រព្រឹត្តដោយប្រពន្ធក្រោយ លោកអធិការរង នគរបាលស្រុកជាំក្សាន្ត ដូចការបង្ហោះនោះ គឺជាអំពើប្រព្រឹត្តដោយបទល្មើសព្រហ្មទណ្ឌ យ៉ាងព្រៃផ្សៃមកលើកកុមារ ជាអនីតិជន ដែលត្រូវការពារដោយច្បាប់ ហើយជនប្រព្រឹត្ត មិនត្រូវលើកលែង ឬរួចផុតពីសំណាញ់ច្បាប់ឡើយ។
បើតាមការលើកឡើងរបស់ម្តាយកុមាររងគ្រោះ បានបញ្ជាក់ថា, ខ្លួនបានលែងលះជាមួយប្តីដែលជា អធិការរង នគរបាលស្រុកជាំក្សាន្ត តាមផ្លូវតុលាការ មានសាលក្រមស្ថាពរ ស្របច្បាប់ ហើយគាត់ទទួលបានសិទ្ធិ ជាអំណាចមេបា ប៉ុន្តែខាងប្តីសុំយកកូនទៅលេង បែជាប្រពន្ធក្រោយវាយ ធ្វើបាប ទារុណកម្ម ប្រើហិង្សា យកដង្កាប់កៀបម្រាមដៃ ឃើញស្លាកស្នាម ជាំ និងដំបៅ អាណិតអាសូរកូន មិនគួររងគ្រោះដោយអំពើយង់ឃ្នងពីប្រពន្ធក្រោយរបស់អតីតស្វាមីបែបនេះសោះ។
អំពើធ្វើទារុណកម្មលើកុមារនេះ បើទោះជាអតីតស្វាមី មិនបានទទួលខុសត្រូវ មើលថែរក្សាកូន ក៏ដោយ ភាគីខាងអតីតប្រពន្ធដើម បានបង្ខំចិត្តដាក់ពាក្យបណ្ដឹង ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ រហូតដល់តំណាងអយ្យការធ្វើការកោះហៅឲ្យចូលខ្លួន ប៉ុន្តែជនប្រព្រឹត្តបទល្មើស ជាប្រពន្ធក្រោយលោកអធិការរង នគរបាលស្រុកជាំក្សាន្ត មិនដឹងជាគាត់មានចេតនាធ្វើ ឬគាត់មានអាការះដោយជំងឺ យ៉ាងណានោះទេ បែរជាស្លេកស្លាំង និយាយមិនកើត ទើបតុលាការ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ លើកពេលក្នុងការចូលឆ្លើយក្រោមទៀត។
សូមរំលឹកថា : ករណីប្រពន្ធក្រោយលោកអធិការរង នគរបាលស្រុកជាំក្សាន្ត បានប្រើហិង្សា យកដង្កាប់កៀបម្រាមដៃ ធ្វើបាបកូនដើមកុមារាអាយុ ៨ឆ្នាំ បានប្រព្រឹត្តនៅ ចំណុចផ្សារប្រក់ពីរ ភូមិ-ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាបទល្មើសមួយ ដែលមានចែងក្នុងច្បាប់ ត្រូវដាក់ទោសទណ្ឌ ដើម្បីលុបបំបាត់ ការប្រើអំពើហិង្សាមកលើកុមារ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ស្ត្រីឈ្មោះ សុិន ស្រីតូច ដែលត្រូវជាម្ដាយបង្កើតរបស់កុមាររងគ្រោះ បានប្រាប់ទៅកាន់សារព័ត៌មាន និងមានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក TikTok ថា,
លោកស្រី ហុក ហៃហុីម ជាប្រពន្ធក្រោយ លោក ញ៉ែម សុភាព អធិការរង នគរបាលស្រុកជាំក្សាន្ត បានយកដង្កៀប គាបម្រាមដៃ និងយកទំពក់ព្យួរខោអាវ វាយមកលើកូនរបស់គាត់ ដែលមិនអាចទប់ទឹកភ្នែកបាន ចំពោះទង្វើដ៏ឃោរឃៅ អសីលធម៌ ធ្វើទារុណកម្ម មកលើកូនរបស់គាត់ យ៉ាងធ្ងន់ធ្ងរបំផុត បន្សល់នូវ ស្លាកស្នាម មានទាំងដំបៅ ហើមជាំ ស្អុយ ថែមទៀត ។
លោកស្រីបានបន្តថា, នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2022 អតីតស្វាមី បានសុំយកកូនទៅលេង ស្របពេលដែលអ្នកស្រី ជាប់រវល់ផងនោះ ក៏មិនបានទៅយកកូនមកវិញ ទើបជួបនៅអំពើវាយដាំ ធ្វើទារុណកម្ម ប្រព្រឹត្តដោយប្រពន្ធក្រោយប្ដីរបស់ខ្លួន។ អ្នកស្រីសង្ឃឹមលើស្ថាប័នអយ្យការ នឹងផ្តល់ភាពយុត្តិធម៌នេះ ដល់កូនរបស់គាត់ ហើយក៏មិននឹកស្មានដល់ថាអតីតស្វាមី គ្មានចិត្តអាណិតអាសូរ កូនប្រុសដែលនៅតូច ហើយជាឈាមខ្លួនឯងនោះសោះ ! ទុកឱ្យប្រពន្ធក្រោយ វាយធ្វើបាបតាមអំពើចិត្ត តើក្នុងនាមជាម្ដាយ ស្ត្រីក្នុងលោកយើងនេះ អាចទប់ទឹកភ្នែកបានទេ ? សូម្បីតែសត្វ ក៏នៅអោបក្រសោបស្រឡាញ់កូន ចុះហេតុអ្វី អតីតប្ដីរបស់គាត់ មានទាំងឋានៈតួនាទី ជាសមត្ថកិច្ច មានចំណេះដឹង ជាមន្ត្រីនគរបាលយុត្តិធម៌ បែរជាឱ្យកូនបង្កើតរបស់ខ្លួន ធ្លាក់ក្នុងកណ្ដាប់ដៃក្រញ៉ាំបិសាច ត្រូវបានប្រពន្ធក្រោយ ធ្វើទារុណកម្មបែបនេះទៅវិញ ! ឯណាទៅព្រហ្មវិហារធម៌ ក្នុងនាមជាឪពុក មិនគួរឈ្លក់វង្វេង ជាមួយនឹងភរិយាក្រោយ ផ្ដល់ឱកាស អោយធ្វើទារុណកម្មមកលើកូន គួរឱ្យខ្លោចផ្សារយ៉ាងនេះទៅវិញ ?
ពាក់ព័ន្ធក្នុងករណីនេះដែរ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានព្យាយាមដើម្បីសុំការបំភ្លឺពីលោកស្រី ប្រពន្ធក្រោយលោកអធិការរង នគរបាលស្រុកជាំក្សាន្ត ប៉ុន្តែគ្មានលេខទូរសព្ទ។ ដោយឡែកលោកអធិការរងរូបនោះ អង្គភាពយើងបានព្យាយាមធ្វើការទំនាក់ទំនងតាមទូរសព្ទជាញឹកញាប់ច្រើនដង ប៉ុន្តែមិនអាចទំនាក់ទំនងបាន ដោយបញ្ជាក់ថាស្ថិតនៅក្រៅតំបន់សេវា ។ ដូច្នេះក្នុងរឿងហេតុខាងលើនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត និងរង់ចាំការបកស្រាយណាមួយសមហេតុផល ពីភាគីពាក់ព័ន្ធ រៀរាល់ម៉ោងរដ្ឋបាល៕
ដោយ៖ សហការី