ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងក្មេងទំនើង៧ នាក់ប្រើកាំបិតបុ័ងតោដេញកាប់គ្នា កណ្តាលក្រុងភ្នំពេញ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ តាំងពីម្សិលមុិញថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលនេះជាការផ្តល់ព័ត៌មានរបស់អ្នកនាំពាក្យខាងអយ្យការ ។ សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញា កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនក្មេងទំនើងចំនួន៧ នាក់ ពាក់ព័ន្ធករណីប្រើអំពើហឹង្សាដេញកាប់គ្នា ទៅសាលាដំបូងរាជ ធានីភ្នំពេញ ដែលសំណុំរឿងនោះបានស្ថិតនៅលោក សេង ពុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការបើកការស៊ើបសួរ ក្រោយពីស៊ើបសួរតំណាងអយ្យការបានសម្រេចធ្វើការដោះលែង ជនសង្ស័យម្នាក់ ជាកូនក្រឡាបញ្ជី ។
ក្មេងទំនើងទាំង៧ នាក់នោះមាន ៖
១.ឈ្មោះ ថៃ វីរៈយុទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២.ឈ្មោះ ព្រំ ណាង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ញ៉ូ មួនខេមរា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៤.ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៥.ឈ្មោះ សាន់ សាកាន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៦.ឈ្មោះ សុទ្ធ ពិទីន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យា ល័យវត្តភ្នំថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៧.ឈ្មោះ គឹម សាន់នីត ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ដោះលែង) ។
បើតាមសមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោង៤ រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរ បាលការិយាល័យជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ក្មេងទំនើងជាបន្តបន្ទាប់ចំនួន៧ នាក់ ពាក់ពន្ធករណីប្រព្រឹត្តបទល្មើស.ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាប្រើកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូធ្វើឲ្យខូចខាតខ្ទេចខ្ទី) ។
សមត្តកិច្ចឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនក្មេងទំនើងទាំង៧ នាក់នោះយកទៅសាកសួរ ពួកគេបានសារភាពថា ធ្លាប់ប្រព្រឹត្តអំពើហឹង្សាចំនួន០៣ ករណី នៅរាជធានីភ្នំពេញ ។
ករណីទី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០ យប់ ។
ជនរងគ្រោះមានឈ្មោះ ច្រិច សុខរីម ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសដាច់រយៈសាច់កដៃឆ្វេង និងជើង ជាទម្ងន់ និងខូចខាតម៉ូតូចំនួន៣ គ្រឿង ។
ករណីទី២.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង)ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោបូរិនផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨ កន្លះយប់ ដោយជនរងគ្រោះមិនបានដាក់បណ្តឹងទេ ។
ករណីទី៣.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង និងសម្ភារៈមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨ និង១០ នាទីយប់ ។
ជនរងគ្រោះមានឈ្មោះ ប៊ុន ណារឿង ភេទស្រី អាយុ៥០ ឆ្នាំ មានទីលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារៈខូចខាតម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ១IV-៨៩៦២ និងសម្ភារៈមួយចំនួនទៀត ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ក្មេងទំនើងទាំង៧ នាក់ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី រួមទាំងវត្ថុតាងចាប់យកមាន ៖
.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ១IC-៩០៣៣ ចំនួន០១គ្រឿង ។
.ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៥២២៨ ចំនួន០១គ្រឿង ។
.ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១KB-០២៥៥ ចំនួន០១គ្រឿង ៕
ដោយ ៖ រ៉ារ៉ា