ចិនកំពុងតែទទួលបានជោគជ័យខ្ពស់ ដោយមានប្រទេសសរុបចំនួន៩០ហើយ បញ្ជាក់ពីវត្តមានចូលរួមសម្រាប់វេទិកាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលធ្វើឡើងនៅខែក្រោយ ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ចិនបានអះអាងថា ប្រទេសសរុបប្រមាណជា៩០ហើយ ដែលបានបញ្ជាក់ពីវត្តមានចូលរួមរបស់ពួកគេ សម្រាប់សន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលត្រូវប្រារព្ធឡើងនៅក្នុងប្រទេសចិន នាខែតុលាខាងមុខ។
កន្លងមកក្រសួងការបរទេសចិន ធ្លាប់និយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ BRF លើកទី៣ នឹងត្រូវរៀបចំឡើងនៅទីក្រុងប៉េកាំង នាខែតុលាខាងមុខ ដោយឆ្នាំ២០២៣នេះ ត្រូវចំខួបរយៈពេល១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មេដឹកនាំបរទេសមួយចំនួន ដែលគេរំពឹងនឹងចូលរួម គឺមានទាំងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ជាដើម។ ចំណែកឯកន្លងមក មន្រ្តីរុស្ស៉ីក៏បានបង្ហើបឱ្យដឹងដែរថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មានគម្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅខែតុលា ជាពេលដែលចិនត្រូវរៀបចំ វេទិកាខ្សែក្រវ៉ាត់និងផ្លូវ។
នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ធ្លាប់បានលើកឡើងថា ក្នុងរយៈពេល១ទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ សម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន។ បើតាមលោកអ្នកនាំពាក្យ វាបានបង្កើតគម្រោងកិច្ចសហប្រតិបត្តិការច្រើន ជាង៣,០០០គម្រោង ហើយជំរុញឱ្យមានការវិនិយោគទំហំជិត ១ទ្រីលានដុល្លារ។ បើតាមក្រសួងការបរទេសចិន ប្រទេសចិនបានចុះហត្ថលេខា លើឯកសារស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ជាមួយប្រទេសជាង១៥០ ព្រមទាំងស្ថាប័នអន្តរជាតិជាង៣០ គិតមកទល់នឹងពេលនេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)