ព័ត៌មានទាន់ហេតុការណ៍៖

បម្រែបម្រួលអាកាសធាតុធ្វើឱ្យទីក្រុងហុងកុងរងគ្រោះដោយទឹកជំនន់មិនធ្លាប់មានរយៈពេលជិត១៥០ឆ្នាំ

ចែករំលែក៖

មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក (IMFនិង WB)បានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់បម្រែបម្រួលអាកាសធាតុដែលកំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។
នៅក្នុងសេចក្តីប្រកាស អគ្គនាយក IMF លោកស្រី Kristalina Georgieva និងអគ្គនាយកធនាគារពិភពលោក WB លោក Ajay Banga បានបញ្ជាក់ថា «ការគំរាមកំហែងដោយបម្រែបម្រួលអាកាសធាតុ សន្តិសុខ សេដ្ឋកិច្ច ស្ថិរភាពរបស់ពិភពលោក កាន់តែខ្លាំងឡើង»។ ដើម្បីទប់ទល់ ស្ថាប័នហិរញ្ញវត្ថុកំពូលរបស់ពិភពលោកបានព្រមព្រៀងគ្នាជួយដល់បណ្តាប្រទេសជាសមាជិកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។
បច្ចុប្បន្នតំបន់ជាច្រើននៅលើពិភពលោក ប្រឈមនឹងគ្រោះធម្មជាតិដែលមិនធ្លាប់់មានក្នុងរយៈពេលជាង១០០ឆ្នាំកន្លងមក។ ជាក់ស្តែងនៅពេលនេះ ទីក្រុងហុងកុង នៅថ្ងៃសុក្រទី៨ ខែកញ្ញានេះត្រូវបានជន់លិចដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ១៤០ឆ្នាំ និងបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ក្នុងទីក្រុង។
ផ្លូវជាច្រើននិងស្ថានីយរថភ្លើងក្រោមដីមួយចំនួននៅក្នុងទីក្រុងហុងកុងបានជន់លិច រីឯសាលារៀនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ ដោយឡែក អាជ្ញាធរក្នុងទីក្រុង សិនជិន (Shenzhen) ស្ថិតនៅក្បែរទីក្រុងហុងកុង ក៏បានរាយការណ៍ដែរពីកម្រិតទឹកភ្លៀងខ្ពស់ បំបែកកំណត់ត្រាថ្មីមួយចាប់តាំងពីឆ្នាំ១៩៥២មក។
ក្រុមអ្នកជំនាញបាននិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យព្យុះត្រូពិកកើតឡើងកាន់តែញឹកញាប់ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមវាយប្រហារទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អាជ្ញាធរឧតុនិយមបានកត់ត្រាកម្រិតកម្ពស់ទឹកភ្លៀងដល់ទៅ ១៥៨.១មិល្លីម៉ែត្រ ដែលនេះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៨៨៤មក។ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយ។
ព្យុះទីហ្វុង២ គឺសាវឡា (Saola) និងហៃគូអ៉ិ (Haikui) បានវាយប្រហារលើភាគខាងត្បូង ប្រទេសចិនកាលពីចុងសប្ដាហ៍មុន ខណៈទីក្រុងហុងកុងអាចគេចផុតពីការវាយប្រហារដោយផ្ទាល់ពីព្យុះទាំង២នេះ។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងលើទីក្រុងហុងកុង គឺបណ្ដាលមកពីចំហាយសេសសល់នៃព្យុះទីហ្វុង Haikui៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖