ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​១២ ខែកញ្ញា​ឆ្នាំ២០២៣ នឹងធ្វើ​ពិធី​តភ្ជាប់ស្ពានបេតុងខ្សែកាប្លិ៍ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក​ កេីត ឆែ​ អភិបាលរង​រាជធានីភ្នំពេញ​បានបញ្ជាក់ថា​ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា បានសម្រេចប្រមាណ៩២ភាគរយ ហេីយនៅថ្ងៃ​ទី​១២ ខែកញ្ញា​ ឆ្នាំ២០២៣​ ​លោក អភិបាលរាជធានីភ្នំពេញនឹងអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីតភ្ជាប់ស្ពានបេតុងខ្សែកាប្លិ៍នេះ ។

​     លោក កេីត​ ឆែ​ បាន​បញ្ជាក់​ឱ្យដឹង កាលពីថ្ងៃទី៨ កញ្ញា ២០២៣ថា​ តាមផែនការ ស្ពានខ្សែកាប្លិ៍នេះ​គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូក  ។ 

ស្ពានថ្មីនេះនឹងភ្ជាប់ចរាចរណ៍ពីតំបន់ភូមិសាស្ត្រក្នុងរាជធានីទៅកាន់តំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរ។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពានមានប្រវែង ៨២៤ម៉ែត្រ មានទទឹង២៤.៥០ម៉ែត្រ គ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា៣៨លានដុល្លារ ដែលជាថវិកាបដិភាគ វិនិយោគរបស់ក្រុមហ៊ុនOCIC រួមជាមួយថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន ទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់សម្រាប់ផលប្រយោជន៍រួម និងក៏ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិតថែមទៀតផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖