ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបានដាក់ដំណើរការហើយ

ចែករំលែក៖

កូរ៉េខាងជើងបានដាក់នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយ ដោយបានប្រគល់វាឱ្យកងនាវាដើម្បីល្បាតដែនទឹករវាងឧបទ្វីបកូរ៉េនិងជប៉ុន។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃទី៨ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីដាក់ឱ្យប្រើប្រាស់នាវាមុជទឹកកាលពីថ្ងៃទី៦ ខែកញ្ញា។ លោកបញ្ជាក់ថា ការបំពាក់កងទ័ពជើងទឹកដោយអាវុធនុយក្លេអ៊ែរ គឺជាកិច្ចការបន្ទាន់។ លោកក៏បានសន្យាផ្ទេរនាវាមុជទឹក និងនាវាចម្បាំងបន្ថែមទៀត ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់កងទ័ពជើងទឹកផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា នាវាមុជទឹកលេខ ៨៤១ នេះត្រូវបានដាក់ឈ្មោះតាម Hero Kim Kun Ok ដែលជាឥស្សរជនប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងជើង។ មេដឹកនាំ គីម ជុងអ៊ុន បាននិយាយថា កប៉ាល់នេះនឹងក្លាយជាយានវាយប្រហារក្រោមទឹកស្នូលមួយនៃកងទ័ពជើងទឹកកូរ៉េខាងជើង។
អ្នកវិភាគបានរកឃើញសញ្ញាដំបូងដែលថាកូរ៉េខាងជើងកំពុងសាងសង់នាវាមុជទឹកថ្មីនៅឆ្នាំ 2016។ នៅឆ្នាំ 2019 ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពរបស់លោក គីម ជុងអ៊ុន ត្រួតពិនិត្យនាវាមុជទឹកដែលមិនធ្លាប់មានពីមុនមក ហើយបាននិយាយថាវានឹងប្រតិបត្តិការនៅតំបន់សមុទ្រខាងកើត។
គេមិនទាន់ដឹងច្បាស់ថា តើប្រភេទកាំជ្រួចបែបណាដែលនាវាមុជទឹកថ្មីនេះនឹងត្រូវបំពាក់។ ប្រទេសកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាច្រើនពីនាវាមុជទឹក (SLBMs) ក៏ដូចជា SLBMs រយៈចម្ងាយខ្លី ៕

ដោយ៖ ធីរីណា(រូប​ថត​៖ KCNA)


ចែករំលែក៖