ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ៧, ដេរស្បែកជើងចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន ១។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នេះជាលើកទី៣ហើយ ដែលសម្ដេចចុះជួបកម្មករនិយោជិតនៅថ្ងៃនេះក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនិយោជិតទាំងអស់។
-សម្តេចធិបតី ប្រកាសថ្លែងអំណរគុណដល់កម្មករនិយោជិត ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះឆ្នោតគ្រប់អាណត្តិ ដើម្បីអោយគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពកម្ពុជាលើគ្រប់វិស័យបន្តទៀត។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្តនោះទេ ដើម្បីឆ្លើយតបចំពោះបងប្អូនដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។
-សម្តេចធិបតី បានប្រកាសឆ្លើយតបចំពោះក្រុមអ្នកវិភាគដូរបាយ មួយក្តាប់តូចដែលកំពុងរស់នៅក្រៅស្រុក ដោយបានលើកឡើងថា នាយករដ្ឋមន្រ្តីថ្មី ដែលដឹកនាំដោយសម្តេចគឺគ្មានអ្នកណាទទួលស្គាល់នោះគឺមិនអាចនោះទេ ខណៈការទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ីនាពេលកន្លងទៅ គឺកម្ពុជាអង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់នៃពិភពលោកនិងប្រទេសដៃគូ ដែលបានអញ្ជើញទៅចូលរួមនៃកិច្ចប្រជុំនេះ។
-សម្តេចធិបតី ថ្លែងថា ដើម្បីកម្ពុជាសម្តេចបានធ្វើទីផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនទាំងពហុភាគី និងទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីទាក់ទាញប្រទេសទាំងនោះ ឱ្យមកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកកសិកម្ម និងទេសចរណ៍។
-សម្តេចធិបតី ថ្លែងថា គោលនយោបាយដែលបានអនុវត្តនាពេលកន្លងទៅរបស់រាជរដ្ឋាភិបាល គឺនៅតែបន្តអនុវត្តទៅមុខទៀតជាដរាប សម្រាបបងប្អូនកម្មករនិយោជិត។
-សម្តេចធិបតី ថ្លែងថា នឹងចុះជួបបងប្អូនអាជីវករនៅតាមផ្សារ និងបងប្អូនប្រជាពលរដ្ឋប្រកបការងារនៅក្រៅប្រព័ន្ធ ដើម្បីស្តាប់ពីកង្វល់របស់ពួកគាត់ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា។
-សម្តេចធិបតី ថ្លែងថា ការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាបទពិសោធិ៍ថ្មីសម្រាប់សម្តេច ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំដ៏មហាញឹកបំផុត ប្រជុំរហូតដល់ដាច់បាយ ដែលសម្តេចផ្ទាល់បានស្រកជាង ១គីឡូក្រាម។
-សម្តេចធិបតី ថ្លែងថា កម្ពុជាបានបង្ហាញជំហរនយោបាយ ដល់ប្រទេសនានាលើពិភពលោក តាមរយៈជំនួបដាច់ដោយឡែកជាមួយបណ្តាប្រទេសទាំងនោះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះមានការប្តេជ្ញាចិត្តរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងទំនាក់ទំនងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពកម្ពុជា និងតំបន់។
-សម្តេចធិបតី ថ្លែងថា បើទោះបីប្រទេសកម្ពុជាតូច តែនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាត្រូវបានឱ្យតម្លៃស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដូចបណ្តាប្រទេសដទៃទៀត យ៉ាងដូច្នេះដែរ។
-សម្តេចធិបតី ថ្លែងថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កម្ពុជាបានប្រើនយោបាយការទូតដ៏វៃឆ្លាតជាមួយប្រទេសដៃគូ រួមមាន៖ ការចុះកិច្ចព្រមព្រៀងលក់អង្ករបានប្រមាណ២៥ម៉ឺនតោន, ទេសចរណ៍,ការបន្ថែមការបើកជើ់ងហោះហើរជាមួយប្រទេសនានា,ថាមពល និងផ្នែកសំខាន់ផ្សេងៗជាច្រើនទៀត។
-សម្តេចធិបតី ថ្លែងថា គ្រាន់តែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមានចម្ងាយរាប់ពាន់គីឡូពីតំបន់អាស៊ាន គឺមានផលលំបាកទៅហើយ ដែលបានធ្វើឱ្យទំនិញឡើងថ្លៃ ចុះទម្រាំសង្រ្គាមនៅជាប់របងរបស់យើងទៀត តើវាទៅជាយ៉ាងណា ដូច្នេះមានតែសុខសន្តិភាពទេ ដែលធ្វើឱ្យយើង រស់នៅជាមួយគ្នាប្រកបដោយភាពសុខស្រួល។
-សម្តេចធិបតី ថ្លែងថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពោលគឺត្រូវបង្កើតការងារឱ្យបានដល់មូលដ្ឋានតែម្តង។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឱ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឱ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ។
-សម្តេចធិបតី បានបញ្ជាឱ្យក្រសួងការបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាជាមួយក្រសួងពាក់ព័ន្ធរៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀតនៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ។
-សម្តេចធិបតី ថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការប្រឡងចូលក្របខណ្ឌរដ្ឋគ្រប់នៅក្រសួង ស្ថាប័នទាំងអស់ ចាប់ពីពេលនេះតទៅត្រូវតែមានតម្លាភាព យុត្តិធម៌ និងប្រកាន់ខ្ជាប់ជានិច្ច«អ្នកចេះ គឺជាប់» និងធ្វើតាមគោលការណ៍តែមួយ។
ដោយឡែកលោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលស្អែកនេះ មកពីរោងចក្រ សហគ្រាសចំនួន១៤។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៧, ដេរស្បែកជើងចំនួន២, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន១។
បើតាមលោកបណ្ឌិត ហេង សួរ ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៣៨នាក់ផងដែរ។
លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតកំពុងបម្រើការងារជាង ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ៤៧០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅតាមរោងចក្រ សហគ្រាស ចំនួន៣៨៥។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៩១ ផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លានដុល្លារក្នុងមួយឆ្នាំ។
លោក ហេង សួរ បន្តថា ខេត្តកំពង់ស្ពឺ ឈរនៅលំដាប់ទី២ ជាខេត្តមានការអភិវឌ្ឍន៍រោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ ក៏មានតម្រូវការកម្លាំងពលកម្មខ្ពស់ផងដែរ គិតត្រឹមត្រូវទី៦ ខែកញ្ញា ខេត្តនេះមានតម្រូវការកម្លាំងពលកម្មប្រមាណ ៤ពាន់នាក់។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មីហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់យកកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបជាជំនួបសាធារណៈលើកដំបូង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។
ក្នុងជំនួបពីរលើកកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ។ ការងារទាំង៦នោះរួមមាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាពចំនួន៤ទៀតរួមមាន៖
១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។
២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។
៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេសស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើកបើកមុនពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន។ ក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល។
បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការឧបត្ថម្ភដាច់ដោយឡែកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលផងដែរ។
តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕
ដោយ៖ ស តារា