ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សក្តានុពលរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាសកល នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ ដើម្បីទាក់ទាញការវិនិយោគ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺទទួលបានសមិទ្ធផលការងារជាច្រើន គួរជាទីមោទនសម្រាប់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចំនួន ១៨,២៦៥នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន មិនត្រឹមស្លៀកពាក់ឱ្យស្អាតសង្ហា ជិះឡានទំនើបៗនោះទេ គឺឆ្លៀតយកឱកាសនេះផ្សព្វផ្សាយពីសក្តានុពលគ្រប់វិស័យរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

សម្តេចធិបតីបញ្ជាក់ថា ការផ្សព្វផ្សាយពីសក្តានុពលវិស័យនានារបស់កម្ពុជាដល់បរទេសឲ្យបានដឹងនេះ គឺជាការងារអាទិភាពសំខាន់ក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រីអាណត្តិទី៧ ត្រូវខិតខំប្រឹងប្រែងពង្រីក និងជាពិសេសការស្វែងរកទីផ្សារ ដើម្បីធានាទប់លំនឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន និងជឿនលឿនបន្ថែមទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា ៖ គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពោលគឺត្រូវបង្កើតការងារឲ្យបានដល់មូលដ្ឋានតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ដើម្បីកម្ពុជាសម្រេចបានធ្វើទីផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនទាំងពហុភាគី និងទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីទាក់ទាញប្រទេសទាំងនោះ ឲ្យមកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកកសិកម្ម និងទេសចរណ៍៕

ដោយ ៖ សិលា


ចែករំលែក៖