ខេត្តកំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ ទោះបីកម្ពុជាជាប្រទេសតូចមែន ប៉ុន្តែកម្ពុជា ក៏ជាតួអង្គមួយដែលបានចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងពិភពលោកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ នៅពេលសម្តេចអញ្ជើញទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិនៅខែកញ្ញា ខាងមុខនេះ សម្តេច នឹងត្រូវជួបជាមួយថ្នាក់ដឹកនាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ជួបជាមួយអ្នកធុរកិច្ចអាមេរិក ដើម្បីបញ្ជាក់ជំហរ និងទំនាក់ទំនងរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់បញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសធំមែន ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាចស្មើសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសដទៃទៀត ដូច្នេះគ្រប់គោលនយោបាយរបស់យើង ក៏ត្រូវបញ្ចេញឱ្យអន្តរជាតិដឹងលឺ ព្រោះកម្ពុជា ក៏ជាតួអង្គមួយដែលបានចូលរួមជួយទៅដល់សេដ្ឋកិច្ច សន្តិសុខនៅក្នុងពិភពលោកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ៖ ការចូលរួមរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិរួមមាន ការថែរក្សាសន្តិភាពផ្ទៃក្នុងរបស់យើង ការដើរតួនាទីសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយយើងក៏បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ទៅតាមបណ្តាប្រទេសជាច្រើនដើម្បីចូលរួមថែរក្សាសន្តិភាពផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ គ្រាន់តែសង្រ្គាមរវារុស្ស៊ី និងអ៊ុយក្រែន ដែលមានចម្ងាយរាប់ពាន់គីឡូពីតំបន់អាស៊ាន គឺមានផលលំបាកទៅហើយ ដែលបានធ្វើឲ្យទំនិញឡើងថ្លៃ ចុះទម្រាំសង្រ្គាមនៅជាប់របងរបស់យើងទៀត តើវាទៅជាយ៉ាងណា ដូច្នេះមានតែសុខសន្តិភាពទេ ដែលធ្វើឲ្យយើង រស់នៅជាមួយគ្នាប្រកបដោយភាពសុខស្រួល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ៖ដើម្បីកម្ពុជាសម្តេចបានធ្វើទីផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនទាំងពហុភាគី និងទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីទាក់ទាញប្រទេសទាំងនោះ ឲ្យមកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកកសិកម្ម និងទេសចរណ៍ ៕
ដោយ ៖ សហការី