ភ្នំពេញ ៖ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូ ងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេ ចេញដីកាឃុំខ្លួនក្រុមជិះម៉ូតូឆក់ទូរស័ព្ទដៃចំនួន៥ នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស (ស្មើនឹង ប្លន់) ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ។
ដីកាឃុំខ្លួនបានដាក់ជនត្រូវចោទ ៖
១.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ ខ្មួត សុភមង្គល ហៅ ជា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣.ឈ្មោះ យ៉ុង ភារុណ ហៅ ម៉ៅ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ឈុន លីដាលីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៥.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ ជាងដេរខោអាវ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១៧ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលបទល្មើសនេះតាមបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ តាមមាត្រា ៣៥៣ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិត នូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដ៏ទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ មាត្រា ៣៥៧ ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ១០ ឆ្នាំ ក្នុងករណីដូចតទៅ ៖
១.អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហឹង្សា ។
២.អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២ នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះម៉ូតូល្បាតដល់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប៉ុស្តិ៍វិទ្យុ ABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏ប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិចចំនួន០៣គ្រឿង ដោយមានការសង្ស័យ សមត្តកិច្ចបានធ្វើការឃាត់សួរនាំ និងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែជាបើកម៉ូតូរត់គេចខ្លួន ។ ឃើញដូច្នេះកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុច ផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យ២នាក់បានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ភ្លាមនោះក៏ត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោ បន្តដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួក០៤នាក់ទៀត បាននាំគ្នាជិះម៉ូតូគេចទៅបាត់ ។
លុះដល់វេលាម៉ោងប្រមាណ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ទៅដល់ទីតាំងដែលជនសង្ស័យសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាន៤នាក់នោះបន្ថែមទៀត និងចាប់យកវត្ថុតាងមួយចំនួន ។ ក្រោមពេលឃាត់ខ្លួនជនសង្ស័យទាំង៥ នាក់បានសារភាព ប្រហាក់ប្រហែលគ្នានៅចំពោះមុខសមត្តកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នោះប្រាកដមែន ។ ចំណែកឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានសារភាពថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលគួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣ ក៏ធ្លាប់ប្រព្រឹត្ត អំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលគួរស្រូវផងដែរ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង សារភាពថា កាលពីអំឡុងឆ្នាំ២០២២ កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅម្តុំផ្សារព្រែកជ្រៃ ផងដែរ ៕
ដោយ ៖ រ៉ារ៉ា