ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រកាន់ចំនួន២បទល្មើសបង្គាប់ឱ្យឃុំខ្លួនក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំនើងចំនួន៦នាក់ពាក់ព័ន្ធករណីដេញកាប់គ្នាបណ្តាលឱ្យរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២បទល្មើស ។ 

ជនត្រូវចោទទាំង៦នាក់នោះមាន ៖

១.ឈ្មោះ ថៃ វីរៈយុទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

២.ឈ្មោះ ព្រំ ណាង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៣.ឈ្មោះ ញ៉ូ មួនខេមរា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៤.ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

៥.ឈ្មោះ សាន់ សាកាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៦.ឈ្មោះ សុទ្ធ ពិទីន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

តាមដីកាបង្គាប់ឱ្យឃុំខ្លួនទី១.របស់លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ទាត់ធាក់និងយកដបស្រាបៀរវាយក្បាលជនរងគ្រោះបណ្តាលឱ្យបែកហូរឈាមសន្លប់បាត់ស្មារតី” ប្រព្រឹត្តនៅចំណុចមុខក្លិបកម្សាន្តនឹក EX ផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបទល្មើសមានចែងតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ 

ដីកាបង្គាប់ឱ្យឃុំខ្លួនទី២របស់លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតមានស្ថានទម្ងន់ទោស “ព្រួតគ្នាយកកាំបិតបុ័ងតោនិងដាវសាមូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើម៉ូតូបណ្តាលឱ្យរងការខូចខាតចំនួន៣គ្រឿង” ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។ 

សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងក្មេងទំនើង៦ នាក់ប្រើកាំបិតបុ័ងតោដេញកាប់គ្នា កណ្តាលក្រុងភ្នំពេញ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនក្មេងទំនើងចំនួន៧នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដេញកាប់គ្នា ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលសំ ណុំរឿងនោះបានស្ថិតនៅលោក សេង ពុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការបើកការស៊ើបសួរ។  ក្រោយពីស៊ើបសួរតំណាងអយ្យការបានសម្រេចធ្វើការដោះលែងម្នាក់ នៅសល់៦នាក់បញ្ជូនទៅខាងចៅក្រម ដែលសំណុំរឿងនេះត្រូវបានបែងចែកទៅចៅក្រម២រូបបើកការស៊ើបសួរ និងបន្ទាប់ពីស៊ើបសួរចៅក្រមទាំងពីរបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ 

បើតាមសមត្តកិច្ចឱ្យដឹងថា នៅវេលាម៉ោង៤ រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំនើងជាបន្តបន្ទាប់ចំនួន៧នាក់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាប្រើកាំបិតប៉័ងតោ និងដាវសាមូរៃ៉ កាប់លើជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួស និងកាប់ម៉ូតូធ្វើឱ្យខូចខាតខ្ទេចខ្ទី) ។ ក្រោយពេលឃាត់ខ្លួនក្មេងទំនើងទាំង៧នាក់នោះយកទៅសាកសួរ ពួកគេបានសារភាពថា ធ្លាប់ប្រព្រឹត្តអំពើហិង្សាចំនួន៣ករណីនៅរាជធានីភ្នំពេញ ។

ករណីទី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោនិងដាវសាមូរៃ៉កាប់លើជនរងគ្រោះបណ្តាលឱ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០យប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖