ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិកក្រុមហ៊ុនដាយអឹម៉ិនកាស៊ីណូនិងហូថែលម្នាក់បានចងកសម្លាប់ខ្លួនដែលគេសង្ស័យថាអាចមានវិបត្តិផ្លូវចិត្ត បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខក្រុមហ៊ុនទាំងយប់។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣នេះថា បុរសខាងលើមានឈ្មោះ ហ្វាង វ៉ាន់ហ្គីន (HOANG VAN GUYN) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូបាវិតដាយអឹមុិនហូថែល កាន់លិខិតឆ្លងដែនលេខQ0034897 មានទីលំនៅខេត្តឡាយកាយ ប្រទេសវៀតណាម បច្ចុប្បន្នសា្នក់នៅបន្ទប់លេខ២០៩ ជាន់ទី២ អគារ១៣ ក្នុងបរិវេណដាយអឹមុិនកាស៊ីណូនិងហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣៥នាទីយប់ នគរបាលប៉ុស្តិរដ្ឋបាលបាវិតបានទទួលពត៌មានពីឈ្មោះប៊ូ សុងហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដាយអឹម៉ិនកាស៊ីណូនិងហូថែល ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចថា មានករណីអត្តឃាត(ចងក) ដោយយកកម្រាលពូកចងទៅនឹងជើងទម្រម៉ាស៊ីនត្រជាក់នៅវ៉េរ៉ង់ដាខាងក្រោយបន្ទប់ស្នាក់នៅលេខ២០៩ ជាន់ទី២ អគារ១៣ ក្នុងបរិវេណកាសុីណូក្រុមហ៊ុនដាយអឹមុិនកាសុីណូនិងហូថែលស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានព័ត៌មានខាងលើកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តនិងលោកវេជ្ជបណ្ឌិត សរ វិចិត្រ ប្រធានផ្នែកសម្ភពនិងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងពេលចុះពិនិត្យសពបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងក)ប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តរក្សាទុកនៅវត្តសឹ្ទងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕
ដោយ៖ សុថាន