ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា​ ប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា​ បានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ជាមួយកម្ពុជា ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀតនិងការបន្តគាំទ្រ​គ្នាទៅ វិញ​ទៅមក នៅក្នុងវេទិកាពហុភាគីនានា។

ការប្តេជ្ញានេះ​ នៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៣។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាម រយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរ។ 

ជាកិច្ចចាប់ផ្តើម,ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចធិបតីដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការ​សួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ 

ក្នុងជំនួបនេះ,លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិ សាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ,លោកប្រធា នាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅសាធា រណរដ្ឋគុយបា កាលខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការលើក កម្ពស់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។

ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ,ការអបអរ សាទរ និងបានជម្រាបជូនលោកប្រធានាធិបតី ផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី បានអះអាងអំពីស្មារតីនៃការបន្តនិងពង្រឹង កិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣រវាងក្រសួងការបរទេសនៃប្រទេស ទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការ អនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រម ព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួចឱ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាចុងបញ្ចប់,ប្រធានាធិបតីបានអញ្ជើញ សម្តេចធិបតី  ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ ។  

ជាការឆ្លើយតបនឹងការអញ្ជើញ, សម្តេចធិបតីបានថ្លែងអំណរ​គុណ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ  ហើយសម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖