ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ហើយដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនារសៀលនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកជំទាវ អនុប្រធាន កាកបាទក្រហមកម្ពុជា, លោកជំទាវ អគ្គហេរញ្ញិក អគ្គលេខាធិការ ព្រមទាំងចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការទាំង ៤ សរុបចំនួន ៦៦នាក់។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបវឌ្ឍនភាពការងាររៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលរាយការណ៍ដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួចមក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានផ្តល់អនុសាសន៍ដល់ ក្រុមការងារគ្រប់ផ្នែកទាំងអស់ នៃគណៈកម្មការ និងអនុគណៈកម្មការ ឱ្យបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការធ្វើជាម្ចាស់ផ្ទះជុំទី៣ របស់កាកបាទក្រហមកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានប្រព្រឹត្តទៅល្អប្រសើរ ក្នុងនាមកាកបាទក្រហមកម្ពុជាយើងធ្វើម្ចាស់ផ្ទះ។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានស្នើដល់ មន្ដ្រី បុគ្គលិក សមាជិក សមាជិកា និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកសមត្ថភាពភាពការងារបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារទៅតាមមុខងារដែលខ្លួនទទួលខុសត្រូវឱ្យបានកាន់ច្បាស់លាស់។
សូមជម្រាបថា ៖ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំរបស់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ,កាកបាទក្រហមកម្ពុជា,កាក បាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាក បាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាក បាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់។
មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ នឹងមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងបានដាសេរី បេហ្គាវ៉ាន នៃប្រទេសព្រុយណេ។ វេទិកាយុវជនទី២ ប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្រប សម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥ នាក់។ វេទិកាយុវជននេះ នឹងផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។
ផ្នែកមួយនៃវេទិកាយុវជនលេីកទី២ នេះដែរ គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើដើម្បីដោះស្រាយវិបត្តិអាកាសធាតុ៕
ដោយ៖ សូរិយា