ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលបានសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន ព្រួយបារម្ភអំពើចោរកម្មក្នុងមូលដ្ឋាន ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីទទួលព័ត៌មានចុះផ្សាយតាមបណ្តាអង្គភាពព័ត៌មានមួយចំនួននូវកិច្ចសម្ភាសន៍របស់ប្រជាពលរដ្ឋពីការព្រួយបារម្ភអំពើចោរកម្មតែងកើតឡើង នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយសមត្ថកិច្ចមូលដ្ឋានគ្មានចំណាត់ការជូយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះ។
នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវជាបន្ទាន់រាយការណ៍ជូនឯកឧត្តមស្នងការ។ ជាពិសេសករណីស្រ្តីម្នាក់ឈ្មោះនាង ស៊ីណាត រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានសម្ភាសន៍ជាមួយសារព័ត៌មានករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CL-១៣៤៧ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង១៥:៣០នាទី ដោយគ្មានចំណាត់ការទាន់ពេលវេលារបស់សមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបជនសង្ស័យ ហើយសមត្ថកិច្ចមិនអើពើផងនោះទៀត។
បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម លោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានបំភ្លឺជូនជុំវិញករណីខាងលើនេះ។ ដោយបានបញ្ជាក់ថា៖ ជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកម៉ូតូស្រ្តីរងគ្រោះឈ្មោះ នាង ស៊ីណាត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀន ស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ធ្វើការបង្រ្កាបបានជនសង្ស័យចំនួន០២នាក់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ និងបានដកហូតម៉ូតូ០១គ្រឿងរបស់ស្រ្តីរងគ្រោះមកវិញ។
ជនសង្ស័យ ១-ឈ្មោះ ពុទ្ធ ធារ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ ជនជាតិ ខ្មែរគ្មានមុខរបរពិតប្រាកដ, ២-ឈ្មោះ ស៊ុន ស៊ីម៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំគ្មាន មុខរបរពិត។
ជនសង្ស័យទាំង០២នាក់នេះ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ប៉ុន្តែម៉ូតូ០១គ្រឿង ដែលបានដកហូតមកវិញនោះ ត្រូវបានជនសង្ស័យយកទៅស៊ីគ្រឿងអស់មួយចំនួន តែត្រូវបានលោកអធិការនគរបាលខណ្ឌច្បារអំពៅ ចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន១៥០ដុល្លារ ជួសជុលម៉ូតូឱ្យល្អឡើងវិញហើយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានប្រគល់ឱ្យម្ចាស់ដើម។
ទន្ទឹមនោះស្រ្តីម្ចាស់ម៉ូតូក៏បានសម្តែងក្តីរីករាយនិងថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កម្លាំងនគរបាលនៅតាមបណ្តាមូលដ្ឋានក្នុងរាជធានីភ្នំពេញ ត្រូវខិតខំប្រឹងប្រែងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកសុខសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ជាពិសេសបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ហើយត្រូវកាត់បន្ថយភាពអសកម្មនានាដែលនាំឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត៕
ដោយ ៖ សិលា