ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកស្វាយលើ ពីតំបន់សមរភូមិសង្គ្រាមក្លាយជាទឹកដីមាសបៃតង !

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្វាយលើ ជាស្រុកមួយស្ថិតនៅតំបន់ឦសាន នៃខេត្តសៀមរាប។ កាលបើនិយាយពីស្រុកមួយនេះ គេតែងនឹកស្រមៃថា ទីនេះជាតំបន់ដែលដាច់ស្រយាល និងជាទឹកដីនៃសមរភូមិក្តៅក្នុងអំឡុងដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិល។

ប៉ុន្តែមកដល់ពេលនេះ ស្រុកស្វាយលើ បានប្រែមុខមាត់ថ្មី និងក្លាយជាទឹកដីមាសបៃតងដ៏សំខាន់មួយរបស់ខេត្តសៀមរាប។ នេះជាបញ្ជាក់ពីខាង អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប ។ 

បច្ចុប្បន្ន លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ និងការអនុវត្តយុទ្ធសាស្រ្តនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឈ រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះខេត្តសៀមរាប ជាពិសេសស្រុកស្វាយលើផ្ទាល់តែម្តង ដែលស្រុកនេះ មានឱកាសប្រែខ្លួនជាតំបន់សង្គ្រាម ទៅជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម និងទេសចរណ៍។

លោក អៀង ពិសិដ្ឋ បានលើកឡើងថា ស្រុកស្វាយលើជាតំបន់ខ្ពង់រាប ដូច្នេះទីតាំងនេះបានបង្កលក្ខណ:អំណោយផល លើផ្នែកដំណាំកសិកម្មដូចជាដំឡូងមី ស្វាយចន្ទី និងដំណាំកសិកម្មជាច្រើនប្រភេទទៀត។ 

លោកបន្តថា សម្រាប់វិស័យទេសចរណ៍វិញ ស្រុកដែលជាប់នឹងភ្នំគូលែនមួយនេះ ក៏បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសំខាន់មួយដែរ ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកខេត្តសៀមរាបបានមកទស្សនានៅភ្នំគូលែនពុំដែលខាន។ 

លោក អៀង ពិសិដ្ឋ លើកឡើងថា តំបន់ទេសចរណ៍ធំៗនៅក្នុងស្រុកស្វាយលើនេះ ក៏មានប្រាសាទបេងមាលាដ៏ស្រស់ស្អាត មានរមណីយដ្ឋានទេសចរណ៍ដ៏សំបូរបែប នៅលើភ្នំគូលែន។

លោកអភិបាលស្រុក បានអះអាងថា ដោយសារសក្តានុពលទាំងអស់នេះ បានធ្វើឲ្យវិស័យឯកជនធ្វើការវិនិយោគជាមួយធនធានធម្មជាតិនៅស្រុកស្វាយលើ ។ លោកថា ជាក់ស្តែងថ្មីៗនេះស្រុក បានទទួលការចូលរួមវិនិយោគលើវិស័យទេសចរណ៍ពីផ្នែកឯកជនដ៏ធំចំនួន២ មួយគឺស្ពានពស់ និងមួយទៀត ឈ្មោះធីសក្ត័រីសត ដែលការវិយោគនេះ បានជំរុញកំណើនការងារ និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងតំបន់នេះបានយ៉ាងប្រសើរ។

លោក វីរ: ដែលជាជំនួយការរបស់ម្ចាស់រមណីយដ្ឋាន ធីសក្ត័រីសត បានឲ្យដឹងថា ការរជ្រើសរើសយកទីតាំងជើងភ្នំគូលែន សម្រាប់បង្កើតជារមណីដ្ឋាននេះ ព្រោះវាជាចំណុចកណ្តាលមួយដែលអាចឲ្យយើងបង្កើតជាខ្សែទស្សនាមួយបន្ថែមទៀត ក្នុងការទាក់ទាញអ្នកទេសចរ ទាំងជាតិ និងអន្តរជាតិឲ្យមកទទួលយកនូវបទពិសោធន៍នៃដំណើរកម្សាន្តថ្មីមួយ។ លោកលើកឡើងថា ប្រសិនបើអ្នកទេសចរណ៍គាត់មានពេលខ្លី ហើយចង់ដើរកម្សាន្តច្រើនទីតាំងនោះ ពួកគាត់អាចជ្រើសរើសយកស្រុកស្វាយលើជាគោលដៅទេសចរណ៍បាន ដោយពួកគាត់អាចធ្វើដំណើរចូលមកកម្សាន្តនៅប្រាសាទបឹងមាលា រួចអាចមកទទួលទានអាហារថ្ងៃត្រង់នៅរមណីយដ្ឋានធីសក្ត័រីសត អាចដើរលេងមើលទេសភាពនៅក្នុងរមណីយដ្ឋាន និងទៅទស្សនានៅពើងគំនូរនៅជើងភ្នំគូលែន។

លោកវីរ: បន្តថា ជាមួយគ្នានេះ ខាងរមណីយដ្ឋានក៏មានរៀបចំសេវាស្នាក់នៅ តាមបែបទំនើបសម្រាប់អ្នកទេសចរ ដែលមានបំណង់ចង់ស្នាក់នៅទីផ្ទាល់ ដែលការស្នាក់នៅនេះ ក៏បានបង្កលក្ខណ:ងាយស្រួលដល់អ្នកទេសចរ ដោយពួកគាត់អាចគន់ទេសភាពដ៏ស្រស់ស្អាត មើលមេឃចុះអ័ព្ទនាពេលព្រលឹមយ៉ាងស្រស់ស្រាយ។ ហើយបន្ទាប់មកពួកគាត់អាចបន្តដំណើរកម្សាន្តរបស់ពួកគាត់ នៅលើភ្នំគូលែន តាមផ្លូវបេតុងដែលទើបស្ថាបនាថ្មី ឬក៏អាចបន្តទៅកម្សាន្តនៅប្រាសាទកោះកែរក៏បាន។

ការចូលរួមរបស់វិស័យឯកជននេះ ពិតជាសំខាន់ណាស់។ លោកអភិបាលស្រុកស្វាយលើ បានអះអាងថា ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាថ្នាក់មូលដ្ឋាន តែងតែគាំទ្រជានិច្ចចំពោះការវិនិយោគរបស់វិស័យឯកជន។ លោកជឿជាក់ថា ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ ក្នុងនោះស្រុកស្វាយលើ នៃខេត្តសៀមរាប ក៏នឹងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពីការរីកចម្រើន និងសុខសន្តិភាពនេះ៕

ដោយ ៖ សហការី


ចែករំលែក៖