ភ្នំពេញ ៖ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ជាការឆ្លើយតប សម្តេចធិបតី បាន សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសមជាមួយឥស្សរ- ជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមទាំង សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ ។
ជាកិច្ចបន្ទាប់ សម្ដេចធិបតី និងលោក តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហ- ប្រតិបត្តិការវាងកម្ពុជា-ជប៉ុន លើទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្ដែង សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំក មកនេះ ជាពិសេស ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ថែម ទៀត។
ទន្ទឹមនេះ លោក តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍ របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២. ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដោយផ្ដោតលើ៖ សេវាបដិសណ្ឋារកិច្ច មេកានិកយានយន្ត (សេវាជួសជុលរថយន្តជប៉ុន) ការតុប- តែង និងកែសម្ផស្ស សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុង មានតម្រូវការ ហើយវិស័យទាំងនេះ ក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជានាពេលបច្ចុប្បន្នដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្តេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេច ឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការ ដឹកនាំផ្ទាល់របស់ សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។
មុននឹងបញ្ចប់ លោក តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណងនៃការដឹកនាំ គណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយ សម្ដេចធិបតី នឹងទទួលជួបក្នុងករណីមិនមាន បេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។
ជាចុងបញ្ចប់ សម្តេចធិបតី បានជូនពរលោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ទទួលបាន ជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខ សុវត្ថិភាព៕
ដោយ ៖ សុខ ខេមរា