ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុករលាប្អៀរ និងស្រុកជលគិរីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បន្តចុះបង្ក្រាបបទល្មើសនេសាទ ជាក់ស្ដែងដកហូតនិងរឹបអូសបានរបាំងសាច់អួន, លបលូ,បង្គោល រួចយកមកបំផ្លាញចោលនៅនឹងកន្លែង។
ជាក់ស្ដែងកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីម្សិលមិញនេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច ភូមិកំពង់រាំង និងភូមិកោះកែវ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ចែម ភក្តី អភិបាលរងស្រុករលាប្អៀរ កម្លាំង ចំនួន ១៨នាក់ មធ្យោបាយប្រើប្រាស់កាណូត ០៣គ្រឿង។
ជាលទ្ធផលចុះបង្ក្រាប និងកាប់បំផ្លាញរុះរើចោលរបាំងសាច់អួន ចំនួន១៤កន្លែង ប្រវែង១០០០ម៉ែត្រ , លបលូចំនួន ១៤ លប,បង្គោលចំនួន ២៨០ដើម,លែងកូនត្រីចម្រុះចំនួន៣៥ គីឡូក្រាមចូលក្នុងបឹងវិញ។ សម្ភារៈខាងលើបានបំផ្លាញចោលនៅនឹងកន្លែង។
ជាមួយគ្នានោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះល្បាតនិងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបាញ់លះ និងចុងព្រែកយួន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងសរុបចំនួន ១៧នាក់ មធ្យោបាយបាឡាស្មាច់ ៥គ្រឿង ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល៖ រុះរើរបាំងស្បៃមុងបាន ចំនួន១០កន្លែង ប្រវែង ២៥០ម៉ែត្រ, លបលូស្បៃមុងបានចំនួន ១០លប,បង្គោលចំនួន ៧០ដើម,ចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន ៥០គីឡូក្រាម។សម្ភារៈខាងលេីត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងផងដែរ៕
ដោយ៖ សហការី