ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​មានសមត្ថកិច្ច​ចំនួន​ ២ខណ្ឌ​ ចុះប្រមូលជនអនាថា​ និងអ្នកប្រេីប្រាស់សារធាតុញៀន បានចំនួន​៦៥នាក់​

ចែករំលែក៖

ភ្នំពេញ៖ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ជនអនាថា​ និងអ្នកប្រេីប្រាស់សារធាតុញៀនប្រុសស្រី សរុប​ចំនួន​ ​៦៥នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ ខណ្ឌ​ច្បារ​អំពៅ​ និងខណ្ឌ​ជ្រោយចង្វា​​ ចុះប្រមូលនៅតាម​ទីសាធារណៈ​ និង​តំបន់​មិន​រៀបរយ​ និងកសាងនីតិវិធីបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ​ ចំណែក​មានមនុស្សចំនួន​ទៀត​ត្រូវ​បាន​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ រីឯ​អ្នកខ្លះត្រូបបញ្ជូនខ្លូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញា​រង​ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣ម្សិលមិញ​ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការចុះរដ្ឋបាលប្រមូលជនអនាថា​ និងអ្នកប្រេីប្រាស់សារធាតុញៀន នៅក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧នាក់​ (ស្រី១១នាក់)​ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន សរុប​ចំនួន​ ២៧នាក់ និងអវិជ្ជមាន ចំនួន ១០នាក់​ (បាន​ធ្វើ​ការ​អប់​រំ​ឱ្យត្រលប់ទៅផ្ទះវិញ​)។

បច្ចុប្បន្នជនសង្ស័យវិជ្ជមានខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់។ 

ជាមួយគ្នានោះ​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់សារធាតុញៀន ចំនួន២៨នាក់ (ស្រី០២នាក់) បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការណែនាំអប់រំ និងកសាងនីតិវិធីបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ៕

ដោយ​៖ សហការី​


ចែករំលែក៖