ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាលដោយសារមូលហេតុចាស់ងាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា​ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានងាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា​ សត្វផ្សោតដែលងាប់នេះ​ ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ (សត្វផ្សោតរស់បានពី២៥-៣០ឆ្នាំ)។

នៅពេលរកឃើញ​ សពសត្វផ្សោតមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និងរលេះរលួយស្បែក។​ ចំណែកមូលហេតុនៃការងាប់​ តាមរយៈការធ្វើកោសល្យវិច័យ គឺបណ្តាលមកពីវ័យចាស់ជរា។

សូមបញ្ជាក់ជូនថា​ នៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល និងងាប់ចំនួន៤ក្បាល​ ដោយក្នុងចំណោមផ្សោតដែលងាប់នោះ មានផ្សោតចាស់១ក្បាល ផ្សោតជំទង់១ក្បាល និងកូនផ្សោតចំនួន២ក្បាល៕

ដោយ ៖ សហការី


ចែករំលែក៖