ព័ត៌មានទាន់ហេតុការណ៍៖

លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានបំពេញតួនាទីដោយអព្យាក្រិត្យ គ្មានភាពលម្អៀងដូចការចោទប្រកាន់របស់អង្គការបរទេសឡើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណះកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា គ.ជ.ប បានបំពេញតួនាទីដោយអព្យាក្រិត្យ គ្មានភាពលម្អៀងដូចការចោទប្រកាន់របស់អង្គការបរទេសឡើយ។ ការលើក ឡើងនេះដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អង្គការអន្តរជាតិមួយចំនួន។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួននាំមុខដោយអង្គការលើកលែងទោសអន្តរជាតិ បានដាក់លិខិតទៅ កាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដោយស្នើឲ្យអនុម័តដំណោះស្រាយសំខាន់ៗផ្នែកសិទ្ធិ មនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធមនុស្សលើកទី៥៤ ដែលបានចាប់ផ្ដើមពីថ្ងៃទី១១ កញ្ញា ដល់ថ្ងៃទី១៣ ខែតុលា នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ 

សេចក្ដីក្នុងលិខិតនោះ បានចោទប្រកាន់កម្ពុជាថា បានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ មានការគំរាមកំហែង និងបង្ខិតបង្ខំ។ លិខិតដដែលនោះ ក្រុមអង្គការបរទេស បានចោទប្រកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា គ្មានឯករាជ្យ ហើយមានភាពលម្អៀងផ្នែកនយោបាយ ដែលបានដកសិទ្ធិគណបក្សភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោត។

ឆ្លើយតបចំពោះការចោទប្រកាន់នេះលោក ហង ពុទ្ធា សមាជិក និងជាមន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមច្រានចោលការចោទប្រកាន់នេះ។ លោកអះអាងថា គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ដែលមានជាធរមាន ហើយចំពោះអវត្តមានរបស់បក្សនយោបាយណាមួយ គឺកើតឡើងដោយសាម៉ីគណបក្សនោះ គឺមិនអាចយកមកចោទ ប្រកាន់ គ.ជ.ប បានឡើយ។ 

លោក ហង្ស ពុទ្ធា ថ្លែងថា ៖«គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី ដែលមានជាធរមាន។ គ.ជ.ប ឯករាជ្យក្នុងតួនាទីរបស់ខ្លួន រៀបចំចាត់ចែងការបោះឆ្នោត។ អ៉ីចឹង បញ្ហាអវត្តមានរបស់គណបក្សណាមួយវាជាបញ្ហាដែលកើតឡើងដោយសាម៉ីគណបក្សជាអ្នកបង្ក មិនមែន គ.ជ.ប ជាអ្នកបង្ក ហើយ គ.ជ.ប ក៏មិនអាចធ្វើអ្វីបំពេញឯកសារជំនួសគណបក្សណាមួយនោះដែរ គ.ជ.ប សូមច្រាន ចោលការចោទប្រកាន់នេះ។ ហើយសូមឲ្យពិចារណាឡើងវិញ នូវការសរសេរ ឬក៏ការផ្សព្វផ្សាយទាំងឡាយណាដែលចោទប្រកាន់មកលើ គ.ជ.ប។ សម្រាប់ គ.ជ.ប នៅតែប្រកាន់ ជំហរអព្យាក្រិត្យ រឹងមាំ ក្នុងការអនុវត្តន៍តួនាទីរបស់ខ្លួនរៀបចំការបោះឆ្នោតដែលមានពលរដ្ឋក្នុងបញ្ជីបោះឆ្នោតជាង ៩លាននាក់ ដែលលោកចូលរួម ទទួលស្គាល់ និងគាំទ្រដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជា»។

លោក ហង្ស ពុទ្ធា មានប្រសាសន៍ទៀតថា បើទោះបីជាមានការព្យាយាមរំខាន ឬក៏វាយតម្លៃបែបអវិជ្ជមានលើ គ.ជ.ប យ៉ាងណាក៏ដោយ តែ គ.ជ.ប ស្គាល់ច្បាស់អំពីតួនាទីរបស់ខ្លួន ដោយអនុវត្តន៍តាមច្បាប់យ៉ាងត្រឹមត្រូវ។ ជាក់ស្ដែងបច្ចុប្បន្ននេះ គ.ជ.ប កំពុងត្រៀមលក្ខណៈក្នុងការចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ ឬក៏អ្នកដែលទើបផ្លាស់ទីលំនៅ ដែលការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

ដោយ៖ សូរិយា


ចែករំលែក៖