ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកម៉ូតូជាច្រើនគ្រឿងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលចំណែករថយន្តកល់ជាប់នៅលើទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូ ដែលបត់ឆ្លងផ្លូវពេញទំហឹងរួចបន្តល្បឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកម៉ូតូ៣គ្រឿងបន្ថែមទៀត ដែលឈប់បម្រុងបត់ឆ្លងផ្លូវ និងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៨៣ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ៤គ្រឿង បានជិះស្របគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំបត់ឆ្លងផ្លូវ ពេលនោះដែរក៏ម៉ូតូម៉ាកវ៉េវមួយគ្រឿង បានបត់ឆ្វេងឆ្លងផ្លូវទៅមុនចូលតាមបណ្តោយផ្លូវ១៨៣ ពេលនោះដែរស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តMazda ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BG-5472 បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពេញទំហឹង អូសចូលក្រោមរថយន្ត ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកម៉ូតូ៣គ្រឿងបន្ថែមទៀត នៅពីមុខដែលឈប់បម្រុងបត់ឆ្លងផ្លូវនឹងបន្តបុកឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច ភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹង ហើយត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក សួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ២គ្រឿង និងរថយន្តបង្ក ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ចំណែកម៉ូតូ២គ្រឿងទៀត ម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖