ភ្នំពេញ ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិល មិញ ក្រសួងយុត្តិធម៌ និងអង្គការអុកស្វាម ប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានចូលរួមជាគណៈអធិបតីពី លោក គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងលោកបណ្ឌិត ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ព្រមទាំងមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី, ក្រសួងពាណិជ្ជកម្ម, សាលាជម្រះក្តី, អង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុប ប្រចាំកម្ពុជា, អង្គការ JICA, ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ជាដើម ដែលសិក្ខាសាលានេះមានអ្នកចូលរួមសរុបប្រមាណ ១៥០ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីបញ្ជ្រាបនូវការយល់ដឹងជាបណ្តើរៗ អំពីទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រសួងយុត្តិធម៌នឹងដាក់ឱ្យអនុវត្តនៅពេលខាងមុខនេះ តាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ៕
ដោយ ៖ សហការី