ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញចុះបង្រ្កាបទីតាំងលក់សត្វព្រៃចំនួន ២ទីតាំង នៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារវ៉ាយ អេដបានសហការជាមួយក្រុមលេខាធិ ការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែក ចុះបង្ក្រាបបទល្មើសសត្វព្រៃចំនួន ២ទីតាំង នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ហេង គឹមឆាយ ជំនាញរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមអន្តរាគមន៍ ។

កិច្ចប្រតិបត្តិការបង្រ្កាបទីតាំងទី ១ នៅចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រឹបអូសបានវត្ថុតាង រួមមាន៖ សត្វឈ្លូសចំនួន២ក្បាលទម្ងន់២៧.៥ គីឡូក្រាម,ស្នែងឈ្លូសចំនួន ៤ក្បាល,ស្នែងទន្សោង ១ ក្បាល,ទ្រូងអណ្ដើកចំនួន ៤ទម្ងន់ ០.៥គីឡូក្រាម និងទីតាំងទី២ នៅចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ដោយរឹបអូសបានវត្ថុតាង រួមមាន៖សាច់ជ្រូកព្រៃ៤ក្បាលទម្ងន់៨១គីឡូក្រាម,   ឈ្លូស១ក្បាល ទម្ងន់១៣គីឡូក្រាម,សំពោច ១ក្បាល ទម្ងន់២គីឡូក្រាម និងសត្វស្វារស់ចំនួន ៣ក្បាល ។

ក្រោយពីរឹបអូសបានវត្ថុតាងទាំងនេះ ក្រុមការងារបានបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ជំនាញបានធ្វើកិច្ចសន្យា និងពិន័យអន្តរការណ៍ ឱ្យបញ្ឈប់ជួញដូរសត្វព្រៃ។ ចំពោះសាច់សត្វព្រៃដែលរឹបអូសបាន ត្រូវបានក្រុមការងារដុតបំផ្លាញចោល៕

ដោយ៖ សូរិយា


ចែករំលែក៖