ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ៣នាក់រងរបួស​ ខណៈ​ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំបាក់ផ្ទះ ១ខ្នងទាំងស្រុង​ នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប​៖​ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ត្រូវ​បានបំផ្លាញដោយសារភ្លៀងមួយមេធំ​ លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំបាក់ផ្ទះទាំងស្រុង និងធ្វេីឱ្យមនុស្ស ៣នាក់រងរបួសផងដែរ។

លោកអធិការ​ស្រុក​ពួក​ បានឱ្យដឹងទៀតថា​ ករណីគ្រោះធម្មជាតិនេះ បានកើតឡើងវេលាម៉ោង ៤និង៥០ នាទី រសៀល ថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ ស្ថិតនៅភូមិប្រាសាទ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។​ ដោយម្ចាស់ផ្ទះ ឈ្មោះ អឿន ញិក ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរកសិករ ជាបុរសពោះម៉ាយ ។ ក្នុងគ្រួសារជនរងគ្រោះ សរុបសមាជិក ចំនួន ៦នាក់ ក្មេង ២នាក់ ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបញ្ជាក់ថា ទ្រព្យសម្បត្តិ និងការខូចខាត: ផ្ទះមានទំហំ ៧ គុណនឹង ៨ ម៉ែត្រ ជញ្ជាំងស្លឹក ប្រក់ក្បឿង (កម្ពស់ពីដី ២,៥ ម៉ែត្រ ស្លាប ជញ្ជាំង ៤ ម៉ែត្រ) បានដួលរាបដល់ដី (ខូចខាតទាំងស្រុង) សរុបទឹកប្រាក់ប្រហែល ១២.០០០.០០០ រៀល (ដប់ពីរលានរៀល) ។ 

ក្នុងនោះដែរ បណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សចំនួន ៣ នាក់រួមមាន​៖​ ទី១,ឈ្មោះ អឿន ញិក ភេទប្រុស រងរបួសរលាត់ក្បាល។ ទី២,ក្មេងប្រុសម្នាក់ អាយុ១ឆ្នាំ រងរបួសពកចិញ្ចើម។ និងទី៣,ឈ្មោះ ញិក ម៉ាប់ ភេទស្រី អាយុ ៣៧ ឆ្នាំ (ម្តាយក្មេង) ។ 

ក្រោយកេីតហេតុ​កម្លាំងសមត្ថកិច្ច​ ក៏បានចុះ​ជួយ​អន្តរាគមន៍​ ដេីម្បី​សម្របសម្រួល​លំនៅ​ដ្ឋាន​របស់ពួកគាត់ផងដែរ៕

ដោយ៖ សហការី​


ចែករំលែក៖