ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរ ចំពោះកម្ពុជាបាននាំចេញផលិតផលជលផលប្រមាណ ១០ តោន ជាលើកដំបូងទៅទីផ្សារប្រទេសចិន ដោយផ្ទាល់ ដែលនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំង ២ ក្នុងវិស័យជលផល។
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលជលផល ជាលើកដំបូងដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុន គីម ជូ អាហរ័ណ នីហរ័ណ និង ដឹកជញ្ជូន អន្តរជាតិ ដែលជាក្រុមហ៊ុនដំបូងគេ ត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលជលផលដោយផ្ទាល់ទៅចិន។
លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែថថា ចំពោះការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ក្រសួងសូមសម្តែងការអបអរសាទរ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសហការ ជាមួយវារីវប្បករ ក្នុងការចិញ្ចឹម ហើយនាំចេញផលិតផលជលផលដែលមានលក្ខណៈស្របតាមស្តង់ដា និងភូតគាមអនាម័យកំណត់ដោយខាងអាជ្ញាធរគយចិន។
លោកស្រី អ៊ឹម រចនា មានប្រសាសន៍ថា៖«សម្រាប់ក្រសួងការនាំចេញផលិតផលជលផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន ជើងដំបូង នៅពេលនេះ វាគឺជាជោគជ័យមួយចំនួនហើយ មានការងារច្រើនទៀតដែលយើងត្រូវធ្វើ។ ជំហានដំបូងបំផុត បន្ទាប់ពីនេះទៅ ធ្វើម៉េចធានាឱ្យបាននូវគុណភាពផលិតផលជលផលរបស់ខ្មែរ ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន ហើយបន្ទាប់ពីនេះ គឺយើងនឹងធ្វើយ៉ាងណាជំរុញឱ្យផលិតផលជលផលពីកម្ពុជាមានគុណភាពខ្ពស់ កាន់តែល្អ កាន់តែមានសុវត្ថិភាព កាន់ឆ្ងាញ់ ក្នុងគោលដៅពង្រឹង និងពង្រីកសេចក្តីត្រូវការពីអតិថិជននៅប្រទេសចិន»។
លោកស្រីបន្ថែមទៀតថា៖ «នៅពេលសេចក្តីត្រូវការ នៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិនកើនឡើង វារីវប្បករអ្នកចិញ្ចឹម នៅស្រុកខ្មែរយើងនឹងមានការងារធ្វើកាន់តែច្រើន ហើយយើងសង្ឃឹមថា តាមរយៈទីផ្សារនៅប្រទេសចិន យើងនឹងអាចជួយដល់ជីវភាពបងប្អូន វារីវប្បករ នៅស្រុកខ្មែរយើងកាន់តែរីកចម្រើនទៅមុខមួយជំហានទៀត»។
លោក ហេង ម៉េងទី ប្រធានផ្នែកនាំចេញ នៃក្រុមហ៊ុន គីម ជូ អាហរ័ណ នីហរ័ណ និង ដឹកជញ្ជូន អន្តរជាតិ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលកម្ពុជាបាននាំចេញផលិតផលជលផលទៅប្រទេសចិន ដោយផ្ទាល់ ដោយចេញដំណើរពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែសៀងហៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
លោក ហេង ម៉េងទី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ទៀតថា ការនាំចេញនេះ ក្រុមហ៊ុនបាននាំចេញផលិតផលជលផលចំនួនពីរប្រភេទគឺ អន្ទង់ក្លាសេ និង កំពិលក្លាសេ ក្នុងបរិមាណសរុប ១០តោន ហើយលោករំពឹងថា នឹងទៅដល់កំពង់ផែ សៀងហៃ នៅថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ ២០២៣។
ផលិតផលជលផល គឺជាផលិតផលកសិកម្មទីពីរ របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនដោយផ្ទាល់នៅឆ្នាំ ២០២៣នេះ បន្ទាប់ពីផលិតផលម្រេច៕
ដោយ៖ សូរិយា