(ទីក្រុងណាននីង)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីរូបភាពខ្លះៗនៃការរៀបចំពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ស្អែកនេះគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូដល់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍សម្រាប់ត្រៀមសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ពន្លាជាតិ ផ្ទះរួម និងស្តង់ពិព័រណ៍ពាណិជ្ជកម្ម លោករដ្ឋលេខាធិការ បានស្នើដល់ក្រុមការងារសាងសង់ដែលរួមមានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ដោយផ្ទៀងផ្ទាត់គ្រប់ដំណាក់កាលលើក្បាច់រចនាស្របតាមរចនាបថរបស់កម្ពុជា និងសង្កត់ធ្ងន់លើការត្រួតពិនិត្យពាក្យពេចន៍ តួអក្សរ ការប្រើប្រាស់រូបភាព និងសម្ភារៈបម្រើឱ្យការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០នេះ កម្ពុជាបានសាងសង់ពន្លាជាតិមួយទំហំសរុប ១៨០ម៉ែត្រការ៉េ នៅក្នុងតំបន់ B សាងសង់ផ្ទះរួមមួយទំហំ ៣៦ម៉ែត្រការ៉េនៅតំបន់ D និងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ស្តង់ មានក្រុមហ៊ុនកម្ពុជាចូលរួមចំនួ ៥៥ក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ប្រទេស៕
ដោយ៖ ស តារា