សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី មានគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ខណៈដែលសភាទាំង២របស់សហរដ្ឋអាមេរិកកំពុងជជែកដេញដោលពីការផ្ដល់ជំនួយយោធា និងមនុស្សធម៌បន្ថែមសម្រាប់អ៊ុយក្រែន។
ព័ត៌មានពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់សេតវិមាន និងវិមាន Capitol ត្រូវបានចុះផ្សាយដោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃទី១៤ខែកញ្ញា ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ។ លោក ហ្សេលេនសី្គត្រូវបានរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាននាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ ចំណែកដំណើរទស្សនកិច្ចទៅកាន់វិមាន Capitol ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីអាមេរិក ២រូប ដែលបានដឹងពីគម្រោងទស្សនកិច្ចនេះ។
វត្តមានរបស់លោកហ្សេលេនស្គី នៅសហរដ្ឋអាមេរិក នឹងកើតមានឡើងចំពេលសម័យប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងខណៈសភាទាំង២របស់សហរដ្ឋអាមេរិក កំពុងជជែកដេញដោលពីការផ្ដល់ជំនួយយោធានិងមនុស្សបន្ថែមសម្រាប់អ៊ុយក្រែន។ លោក បៃដិនបានស្នើសុំឱ្យសភាទម្លាក់កញ្ចប់ថវិកាសរុប ២៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងនោះរួមមាន១៣.១ពាន់លានដុល្លារជាជំនួយយោធា និង៨.៥ពាន់លានដុល្លារជាជំនួយមនុស្សធម៌។
ប៉ុន្តែ អ្នកតំណាងរាស្ត្រអាមេរិកនៅសល់ពេលមិនច្រើនទៀតទេ ដើម្បីអនុម័តកញ្ចប់ថវិកាមួយឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងបរិបទដែលតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋមួយចំនួនបង្ហាញការការជំទាស់នឹងការផ្ដល់ជំនួយយោធាបន្ថែមទៅឱ្យអ៊ុយក្រែន។ លោក ហ្សេលេនស្គីក៏ធ្លាប់បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដែរកាលពីខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)