ភ្នំពេញ ៖ យុវជន០៣នាក់ជិះរុឺម៉ករកទិញអេតចាយ រួចឈប់ចុះបត់ជេីងតូចក៏ប្រទះឃេីញម៉ូតូមួយគ្រឿងនៅក្នុងគុម្ពោតព្រៃ រួចក៏ប្រញាប់ប្រញាល់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ដេីម្បីពិនិត្យ និងយកទៅរក្សាទុក កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្បែរសាលាកសិកម្មចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសម្ដីយុវជនម្នាក់ឈ្មោះ ហុិង បូរឹត អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា ដំបូងឡេីយរូបគាត់និងគ្នីគ្នា០២នាក់ទៀតបានបើកម៉ូតូសណ្ដោងរុឺម៉កដឹកអេតចាយចេញពីសង្កាត់បឹងទំពុនមកមូលដ្ឋានខណ្ឌដង្កោ ដេីម្បីរកទិញអេតចាយ ។ ខណៈមកដល់ចំណុចទីតាំងខាងលេីក៏ឈឺបត់ជេីងតូច រួចក៏ចុះដេីរទៅគុម្ពោតព្រៃដើម្បីបត់ជេីង ស្រាប់តែប្រទះឃេីញម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1C-7158 ។ ភ្លាមៗនោះយុវជនទាំង០៣នាក់ខាងលេីក៏ប្រញាប់បេីករុឺម៉កសណ្ដោងដឹកអេតចាយទៅកាន់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ដង្កោដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានពីយុវជនខាងលេី សមត្ថកិច្ចមូលដ្ឋានក៏បានឱ្យយុវជនទាំង០៣នាក់នាំទៅទីតាំងនិងចង្អុលប្រាប់ជាក់ស្ដែង គឺពិតជាមានម៉ូតូមួយគ្រឿងប្រាកដមែន និងបានបណ្ដេីរចេញ រួចបញ្ឆេះជិះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោដេីម្បីរក្សាទុកនិងស្រាវជ្រាវរកម្ចាស់ម៉ូតូដែលបានបាត់ ឱ្យមកទទួលយកទៅប្រេីប្រាស់វិញ ។
ជាមួយគ្នានោះ មន្ត្រីនគរបាលសង្កាត់ដង្កោនៅមិនទាន់ដឹងថា តើម៉ូតូដែលគេយកមកប្លុងចោលនេះជាម៉ូតូរបស់ជនប្រព្រឹត្តបទល្មេីសឬក៏ជាម៉ូតូរបស់អ្នកណានោះទេ ទេីបកម្លាំងសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្នដេីម្បីធ្វេីការស្រាវជ្រាវបន្តតាមជំនាញ ៕
ដោយ ៖ ភារ៉ា ដង្កោ